រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរៀបចំកម្មវិធីទទួលព្រះអគ្គីកីឡា(ភ្លើងគប់) យ៉ាងអធិកអធ័ម ដែលមានពលរដ្ឋគ្រោងចូលរួមប្រមាណ ៦ម៉ឺននាក់
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងរៀបចំកម្មវិធីទទួលព្រះអគ្គីកីឡា(ភ្លើងគប់) យ៉ាងអធិកអធ័ម ដែលនឹងដង្ហែមកដល់ទឹកខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ខាងមុខ ដោយមានការចូលរួមពីសំណាក់មន្ត្រីរាជការ ព្រះសង្ឃ រួមនិងប្រពលរដ្ឋ សិស្សានុសិស្សប្រមាណជាង៦ម៉ឺននាក់ រង់ចាំទទួលក្បួនដង្ហែរ ពីព្រំប្រទល់ខេត្តបាត់ដំបង ចូលមកខេត្តបន្ទាយមានជ័យ ដោយមានក្បួនកង់ ក្បួនរថយន្តចាំដង្ហែ នេះបើតាមការលើកឡើងនៅក្នុងអង្គប្រជុំគណបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញ នៅសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ។
ក្នុងកិច្ចប្រជុំនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានអង្គប្រជុំ ក៏បានលើកឡើងថា៖ នេះជាមោទនភាពសម្រាប់ខេត្តបន្ទាយមានជ័យ ដែលទទួលបានភ្លើងគប់ឆ្លងកាត់ខេត្តក៏ដូចជា មោទនភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ ។
ជាមួយគ្នានោះឯកឧត្តម អ៊ុំ រាត្រី ក៏បានណែនាំដល់អាជ្ញាធក្រុ-ស្រុក អ្នកពាក់ព័ន្ធ ត្រូវចូលរួមរៀបចំចងទង់ជាតិនៅតាមដងផ្លូវ ឬមុខផ្ទះរៀងៗខ្លួន ដើម្បីជាការសាទរទទួលភ្លើងគប់ ដែលនឹងឆ្លងកាត់ដែលខេត្ត ដែលរយៈពេលជាង៦០ឆ្នាំហើយ កម្ពុជាមិនដែលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍នេះឡើយ។
ឯកឧត្តមបន្តថា៖ ព្រឹត្តការណ៍នេះកើតឡើងនៅកម្ពុជាបានដោយសារតែកត្តាសុខសន្តិភាព លើសពីនេះទៅទៀត ព្រះអគ្គីកីឡាដែលដង្ហែទៅគ្រប់ប្រទេសនៅក្នុងតំបន់អាស៊ាន គឺជាការពង្រឹង សាមគ្គីភាព ចំណងមិត្តភាព ភាពចុះសម្រុងគ្នា និងសុខដុមរមនាតាមរយៈការប្រកួតកីឡា ដែលជាប្រជាជាតិអាស៊ានតែមួយ បានទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ រស់នៅក្នុង “សមាគមន៍ សន្តិភាព និងវាសនាសមួយ”។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ព្រះអគ្គីកីឡា (ភ្លើងគប់) និងមកដល់ខេត្តបន្ទាយមានជ័យដោយមានក្បួនជិះកង់ រថយន្តអមដំណើរក្បួនដង្ហែ រហូតដល់ចំណុចរង្វង់មូលស្រីគ្រប់លក្ខណ៍ ទើបក្រុមកីឡាករខេត្តមកទទួល ហើយរត់ចូលក្រុងកាត់តាមទីប្រជុំជននានា រួចឆ្ពោះទៅកន្លែងប្រារព្ធពិធីដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត។ បន្ទាប់មកព្រះអគ្គីកីឡា និងត្រូវយកទៅតម្កល់ទុកនៅវត្ត ជុំគិរីចម្ការខ្នុរ មួយយប់ដោយមានការរៀបចំពិធីសាសនា លុះព្រឹកថ្ងៃទី៣ ខែឧសភា និងត្រូវដង្ហែចេញពីក្រុងសិរីសោភ័ណ ធ្វើដំណើរឆ្ពោះកាន់ទៅខេត្តសៀមរាបបន្ត៕