ស្នងការខេត្តតាកែវ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តន៍បន្ត ខែឧសភា ឆ្នាំ២០២៣
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ ដោយបានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោករវសេនីយ៍ឯក យ៉ុង ប៊ុនយ៉ុន ស្នងការរង ទទួលជំនួយការដឹកនាំការងារការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកិច្ចប្រជុំ “បូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តន៍បន្ត ខែឧសភា ឆ្នាំ២០២៣”។
ពិធីនេះដែរក៏មានការចូលរួមពីលោកនាយ នាយរងការិយាល័យជំនាញចំណុះឲ្យផែនការងារនគរបាលព្រហ្មទណ្ឌ លោកអធិការរង លោកនាយផ្នែក ទទួលការងារព្រហ្មទណ្ឌគ្រប់ ស្រុក ក្រុង និងមន្ត្រីពាក់ព័ន្ធ។
មានមតិពាក់ព័ន្ធណែនាំក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី ស្នងការរង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ព្រមទាំងបានដាក់ចេញនូវគោលការណ៍មួយចំនួនដល់ លោកនាយ នាយរងការិយាល័យជំនាញ លោកអធិការ អធិការរង និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសង្កាត់ គ្រប់ ស្រុក ក្រុង ត្រូវយកចិត្តទុកដាក់ចុះបន្តការផ្សព្វផ្សាយតាមវេទិការសាធារណៈ ស្តីពីការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ដើម្បីធានាឲ្យបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យប្រពលរដ្ឋមានទំនុកចិត្តមកលើអាជ្ញាធរមានសមត្ថកិច្ច ត្រូវសហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថ ប្រជាការពារក្នុងដែនដី សមត្ថកិច្ច ត្រូវតាមដានស្រាវជ្រាវ ស្វែងរក និងក្តាប់ឲ្យបានមុខសញ្ញា ក្មេងទំនើង គ្រឿងញៀននៅក្នុងមូលដ្ឋាន ទាំងមានដីការ និងមុខសញ្ញាទើបចេញពន្ធនាគាខេត្តទៅរស់នៅក្នុងមូលដ្ឋានភូមិឃុំសព្វថ្ងៃ ត្រូវបង្កើនការចេញល្បាតចល័តក្នុងមូលដ្ឋានភូមិសាស្រ្តស្មុគស្មាញងាយរងគ្រោះ ដើម្បីបង្ការ ទប់ស្កាត់បទល្មើសផ្សេងៗកើតមានឡើងជាយថាហេតុផងដែរ៕