ក្រុមការងារក្រសួងយុត្តិធម៌ បានចុះទៅពិនិត្យ និងស្រាវជ្រាវរកការពិតលើករណី សំណុំរឿងមួយ នៅខេត្តព្រះវិហារ
ភ្នំពេញ៖ ដោយមានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារនៃក្រសួងយុតិ្តធម៌ ដឹកនាំដោយឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការ រួមនិងឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការ ព្រមទាំងមន្ត្រីជំនាញបានចុះទៅធ្វើការពិនិត្យ ស្រាវជ្រាវ និងដោះស្រាយករណីសំណុំរឿងដីធ្លីរបស់ប្រជាពលរដ្ឋចំនួន ១៣គ្រួសារនៅព្រះវិហារ តាមរយៈឃ្លីបវីដេអូមួយដែលបានផុសតាមFacebook មួយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣កន្លងមកនេះ។
ក្នុងការចុះបំពេញការងារនៅខេត្តព្រះវិហារនេះក្រុមការងារនៃក្រសួងយុត្តិធម៌ បានចុះពិនិត្យ សិក្សា និងស្រាវជ្រាវ លើឯកសារសំណុំរឿងដីធ្លីរបស់ប្រជាពលរដ្ឋចំនួន១៣គ្រួសារ នៅសាលាដំបូងខេត្តព្រះវិហារនិងបានសាកសួរអ្នកពាក់ព័ន្ធព្រមទាំងបានចុះទៅដល់ទីតាំងដីជាក់ស្តែងដែលស្ថិតនៅចំងាយប្រមាណ៨០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារផងដែរ ដើម្បីស្វែងរកឱ្យឃើញការពិតនៅក្នុងសំណុំរឿងនេះ។ ក្រុមការងារនឹងបន្តចុះពិនិត្យនិងស្រាវជ្រាវសំណុំរឿងនេះនៅសាលាឧទ្ធរណ៍ត្បូងឃ្មុំបន្ថែមទៀត និងធ្វើរបាយការណ៍គោរពជូនថ្នាក់ដឹកនាំដើម្បីពិនិត្យ និងសម្រេច ៕