ព្រះអគ្គិជ័យកីឡា មកដល់រាជធានីភ្នំពេញ ទទួលការស្វាគមន៍ពីថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ដង្ហែទៅតម្កល់រក្សាទុកនៅវត្តលង្កា
ភ្នំពេញ៖ ព្រះអគ្គិជ័យកីឡា (ភ្លើងគប់) នៃព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានមកដល់រាជធានីភ្នំពេញហើយ បន្ទាប់ពីទទួលបានជោគជ័យ លើការដង្ហែតាមបណ្តាខេត្ត គិតចាប់តាំងពីព្រះអគ្គិជ័យកីឡាចាកចេញពីខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តត្បូងឃ្មុំ ខណៈបានបន្តដង្ហែតាមក្បួន ដែលអមជាមួយរថយន្ដ និងម៉ូតូធំជាច្រើនគ្រឿង បានមកដល់រាជធានីភ្នំពេញ នាព្រលប់ថ្ងៃទី២៨ ខែមេសានេះ ដើម្បីដង្ហែមកវេទិកានៅរមណីយដ្ឋានវត្តភ្នំ។
បន្ទាប់ពីប្រារព្ធពិធីនៅវត្តភ្នំរួចលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរាជធានីភ្នំពេញ ដង្ហែព្រះអគ្គិជ័យកីឡា ពីចំណុចរមណីយដ្ឋានវត្តភ្នំ ឆ្ពោះទៅតម្កល់រក្សាទុកនៅវត្តលង្កា ព្រះកុសុមារាម ដោយមានរៀបចំពិធីសាសនា និងបាញ់កាំជ្រួចផងដែរ ។
បន្ថែមលើនេះនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៦៖០០នាទីព្រឹកនឹងមានពិធីរត់ដង្ហែព្រះអគ្គិជ័យកីទ្បា នៅមុខស្ថានទូតសិង្ហបុរី ដង្ហែទៅមុខអង្គភាពប្រឆាំងអំពើពុករលួយ។
សូមរំលឹកផងថា ព្រះអគ្គិជ័យកីឡា បានចាប់ផ្ដើមធ្វើពិធីដង្ហែទៅកាន់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងទីម័រខាងកើត មានរយៈពេលជាង ១ខែ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ សហការជាមួយស្ថានទូត និងស្ថានតំណាងនៃកម្ពុជាប្រចាំប្រទេសនានា៕