មេប៉ូលីសដាក់បទបញ្ជាឲ្យស្នងការរាជធានី-ខេត្ត យកចិត្តទុកដាក់ពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព នៅតាមទីតាំងដែលមានការបញ្ចាំងស្លាយប្រកួតបាល់ទាត់
ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC បានដាក់បទបញ្ជាឲ្យស្នងការ នគរបាលរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព នៅតាមទីតាំងផ្សេងៗ ដែលមានដាក់បញ្ចាំងស្លាយការប្រកួតកីឡាបាល់ទាត់។
ការដាក់បទបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន បានធ្វើឡើងក្នុងកិច្ចប្រជុំមួយ កាលពីពេលថ្មីៗនេះជាមួយនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្ស និងនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីត្រួតពិនិត្យកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិធីប្រកួតកីឡា SEA Games – ASEAN Para Games 2023។
នាយឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា ក្រៅពីគោលដៅដែលបានកំណត់ ស្នងការនគរបាលរាជធានី-ខេត្ដ ក៏ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត នៅតាមទីតាំងនានាដែលមានការរៀបចំដាក់បញ្ចាំងស្លាយផ្សាយបន្ដផ្ទាល់ ដើម្បីឲ្យប្រជាពលរដ្ឋទស្សនាការប្រកួតកីឡាបាល់ទាត់។ លោកជឿជាក់ថា ទីតាំងដែលមានដាក់បញ្ចាំងស្លាយនោះ ច្បាស់ជាមានប្រជាពលរដ្ឋជាច្រើននាំគ្នាទៅទស្សនា ព្រោះពួកគាត់មិនបានទស្សនាដោយផ្ទាល់នៅពហុកីឡដ្ឋាន។
សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារណែនាំជូនអភិបាលរាជធានី-ខេត្ត ឲ្យរៀបចំការបញ្ចាំងស្លាយផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ខាងមុខ ក្រោយសាលទស្សនាមិនអាចផ្ទុកមនុស្សច្រើនតាមតម្រូវការជាក់ស្តែង។
ក្រោយទទួលបានការណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, អភិបាលរាជធានី-ខេត្តទាំងអស់ សុទ្ធតែបានជូនដំណឹងដូចគ្នាៗ អំពីទីតាំងដែលនឹងមានដាក់បញ្ចាំងស្លាយផ្សាយបន្ដផ្ទាល់ពីព្រឹត្តិការណ៍ នៃការប្រកួតកីឡាបាល់ទាត់នេះ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនដែលជាអ្នកគាំទ្រវិស័យបាល់ទាត់ បានទស្សនាដោយសេរីផងដែរ។
នៅវេលាម៉ោង៤រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ខាងមុខ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំឥណ្ឌូនេស៊ី ត្រូវប៉ះហ្វីលីពីន ជាគូបើកឆាកប្រភេទកីឡាបាល់ទាត់ ផ្នែកបុរសក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជា។ ក្រោយចប់ការប្រកួតរវាងក្រុមឥណ្ឌនេស៊ី និងហ្វីលីពីន, នៅវេលាម៉ោង ៧យប់ U22 របស់ម្ចាស់ផ្ទះកម្ពុជា នឹងត្រូវប៉ះ U22 ទីម័រខាងកើតផងដែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក៕