ឯកឧត្ដម ហ៊ុន ម៉ានី៖ យើងមានភាគហ៊ុនមួយស្មើៗគ្នា សម្រាប់អនាគតកម្ពុជា យើងត្រូវខិតខំប្រឹងប្រែង ពោរពេញដោយភាពជឿជាក់
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងចេញពីវិមានឈ្នះឈ្នះ ក្នុងឱកាសអញ្ជើញទទួលព្រះអគ្គិជ័យកីឡា នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ បានលើកឡើងថា «យើងមានភាគហ៊ុនមួយស្មើៗ គ្នាសម្រាប់អនាគតកម្ពុជា ហើយយើងត្រូវខិតខំប្រឹងប្រែងពោរពេញដោយភាពជឿជាក់ ដោយប្រើប្រាស់ជំនាញ និងទេពកោសល្យរបស់យើងម្នាក់ៗ និងរៀងៗខ្លួន ដើម្បីប្រជាជាតិយើងមានភាពសុខសាន្ត និងរុងរឿងជាងនេះ»។
តាមរយៈ Facebook ឯកឧត្ដម ហ៊ុន ម៉ានី បានគូសបញ្ជាក់ទៀតថា «យើងទាំងអស់គ្នាអាចមិនមានទស្សនៈដូចគ្នាទាំងអស់ ប៉ុន្តែអ្វីដែលយើងគួរមានរួមគ្នា គឺជាទស្សនៈជាតិរួមមួយសម្រាប់កម្ពុជា នោះគឺសេចក្តីស្រលាញ់ចំពោះកម្ពុជា ក៏ដូចជាឆន្ទៈ និងសកម្មភាពក្នុងការបង្ហាញភាពសាបេះដូងចំពោះសង្គមជាតិ»។
បើតាមឯកឧត្ដម ហ៊ុន ម៉ានី, ក្រោមស្មារតី «ខ្មែរធ្វើបាន» យុទ្ធនាការ BeyondThegames គឺជាសក្ខីភាពមួយដែលសបញ្ជាក់យ៉ាងច្បាស់ពីស្មារតីរួបរួម និងចូលរួមយ៉ាងក្លៀវក្លាបំផុតរបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់ គ្រប់វ័យក្នុងសង្គម ក្នុងការគាំទ្រប្រកបដោយមោទនភាពចំពោះភាពជាម្ចាស់ផ្ទះរបស់កម្ពុជាសម្រាប់ព្រឹត្តការណ៍កីឡាអាស៊ីអាគ្នេយ៍(SEA Games) និងកីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។
ឯកឧត្ដមបន្ដទៀតថា អ្វីដែលកាន់តែពិសេសមិនអាចកាត់ថ្លៃបាននោះ គឺការបង្ហាញការស្រលាញ់ និងគាំទ្រដល់គ្រូបង្វឹក កីឡាករ កីឡាការិនីរបស់កម្ពុជា តាមរយៈស្មារតីរួមរបស់យើងដែលនៅពីក្រោយកិច្ចខិតខំប្រឹងប្រែងរបស់ពួកគាត់ដែលជាអត្តពលិក។
សហភាពសហព័ន្ធយុវជនកម្ពុជា សូមថ្លែងអំណរគុណគ្រប់ៗគ្នា ចំពោះការលះបង់ដែលនាំមកនូវភាពជោគជ័យ និងសមិទ្ធផលដែលកើតចេញពីភាសាបេះដូងសម្រាប់កម្ពុជា។ ការចូលរួមទាំងអស់ ពិតជាបានបង្ហាញយ៉ាងច្បាស់ថា ប្រជាជនកម្ពុជារួបរួមគ្នាក្នុងបុព្វហេតុតែមួយ ដោយសារគ្រប់គ្នាសុទ្ធតែមានសេចក្តីស្រលាញ់ចំពោះប្រជាជាតិយើង និងចង់បង្ហាញភាសាបេះដូងដែលមានចំពោះជាតិមាតុភូមិរបស់ខ្លួន៕