អភិបាលខេត្តបាត់ដំបង ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកសង្កែ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងសហការី បានអញ្ជើញ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៥៧គ្រួសារមកពីភូមិចំនួន១៨លើ ឃុំចំនួន៨នៃស្រុកសង្កែ ក្នុងនោះគ្រួសារ(រលំទាំងស្រុង២ខ្នង និងរបើកដំបូល៥៥ខ្នង) ដែលរងគ្រោះកន្លងទៅ ដែលពិធីសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌ នេះប្រារព្ធនៅបរិវេណសាលាស្រុកសង្កែ ។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍នាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ បើទោះបីសម្ដេចមិនបានអញ្ជើញចុះមកផ្ទាល់ក្ដី ក៏សម្ដេចបានធ្វើការចាត់ចែងដល់ក្រុមការងារនៅតាមបណ្ដាខេត្ត ក្នុងការស្វែងរកជនរងគ្រោះ ក៏ដូចជាផ្ដល់ជាអំណោយមនុស្សធម៌ ឬអំណោយសង្រ្គោះបន្ទាន់ភ្លាមៗដល់ប្រជាពលរដ្ឋដែលកំពុងជួបនូវការរងគ្រោះ ។
ឯកឧត្តម បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះ មហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ។
ឯកឧត្តមក៏បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពល រដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំជាពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ ក៏បានណែនាំដល់មន្រ្ដីសាខាកាកបាតក្រហមកម្ពុជាខេត្តបាត់ដំបង ត្រៀមក្រុមការងារដែលមានជំនាញផ្នែកសង្រ្គោះបឋម ចុះទៅតាមបណ្ដាក្រុង ស្រុក និងនៅតាមភូមិសាស្រ្ដក្នុងខេត្ត ដើម្បីធ្វើការពន្យល់ ណែនាំ និងបង្រៀនដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងអំពីការសង្រ្គោះខ្លួនឯង យល់ដឹងអំពីរបៀបគេចចេញពីគ្រោះរន្ទះបាញ់ ឬលង់ទឹកជាដើម ដើម្បីងាយស្រួលក្នុងការសង្រ្គោះបឋមដោយខ្លួនឯង បើសិនជាជួបប្រទះហេតុការណ៍ណាមួយជាយថាហេតុ ។
ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកសង្កែ ជាពិសេសអ្នករស់នៅជាប់ផ្លូវជាតិលេខ៥ទាំងអស់ ចូលរួមរៀបចំបរិស្ថាន និងចងទងជាតិមុខផ្ទះ អោយបានគ្រប់ខ្នងផ្ទះដើម្បីទទួលស្វាគមន៍ និងអបអរសាទរការដង្ហែព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលមកដល់ខេត្តបាត់ដំបងនៅថ្ងៃទី១ ខែឧសភា ខាងមុខនេះ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរទឹកស៊ីអ៉ីវ ១យួរ ត្រីខ១យួរ ទឹកបរិសុទ្ធ១កេសដោយឡែកគ្រួសាររលំទាំងស្រុងបន្ថែម មុង១ និងសំពត់តង១ផងដែរ៕