ឯកឧត្ដម ម៉ៅ ភិរុណ៖ រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសដ៏ឆ្នើម បានដាក់ចេញនូវយុទ្ធសាស្ត្រ ចំនួន៩ចំណុច ផ្តល់អត្ថប្រយោជន៍ជូនបងប្អូនកម្មករកម្មការិនី
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត កណ្ដាលបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសដ៏ឆ្នើម បានដាក់ចេញនូវយុទ្ធសាស្ត្រ ចំនួន៩ ចំណុច ដោយបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ជូនទៅដល់បងប្អូនកម្មករកម្មការិនី។
កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្ដាល ដោយមានកិច្ចហសការជាមួយមន្ទីរ ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិធីសំណេះសំណាល និងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “សន្តិភាព ស្ថិរភាព មុខរបរ និងការងារ” ក្រោមគណៈអធិបតីភាព ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីកងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត និងបងប្អូនកម្មករ កម្មការិនី ជាច្រើននាក់។
ក្នុងឱកាសសំណេះសំណាលខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអាននូវសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្ដរជាតិ ១ ខែឧសភា ឆ្នាំ២០២៣។
មានប្រសាសន៍សំណេះសំណាល ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានមានប្រសាសន៍ថា ខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៣ នាពេលនេះ បានប្រព្រឹត្តឡើងស្ថិតក្នុងស្ថានភាព ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសដ៏ឆ្នើម បានដឹកនាំប្រទេស រក្សាបានសន្តិភាព ឯករាជ្យ អធិបតយ្យ បូរណភាពទឹកដីពេញលេញ និងនៅក្នុង ដំណាក់កាលចុងក្រោយនេះ បានគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ បានយ៉ាងល្អបំផុត ជាហេតុធ្វើឱ្យរក្សាបាន អាយុជីវិត និងលំនឹងជីវភាពប្រជាជន រក្សាបានកំណើនសេដ្ឋកិច្ច រក្សាបានស្ថិរភាព សន្តិសុខ សុវត្ថិភាពសង្គមរឹងមាំ និងធ្វើឱ្យកិត្យានុភាពកម្ពុជា កាន់តែល្បីរន្ទឺពាសពេញសាកលលោក។
ឯកឧត្ដមបណ្ឌិត បន្តថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសដ៏ឆ្នើម បានដាក់ចេញនូវយុទ្ធសាស្ត្រ ចំនួន៩ ចំណុច ដោយបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ជូនទៅដល់បងប្អូនកម្មករកម្មការិនី មានជាអាទិ៍៖
១- ផ្ដល់ជូនកម្មការិនីដែលមានផ្ទៃពោះចាប់ពី ៣ ខែឡើងទៅត្រូវបានចេញមុនម៉ោង ១៥ នាទី។
២- ផ្តល់ប្រាក់ខែអប្បបរមាដល់កម្មករក្នុងឆ្នាំ២០២៣ គឺ២០០ដុល្លារ បើកប្រាក់ខែ២ដងក្នុងមួយខែ។
៣- របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ ស្ដីពីការងារ ត្រូវដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២។
៤- ផ្ដល់ជូនការពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាលកម្មករ-កម្មការិនី ដោយមិនបង់ប្រាក់។
៥- ផ្តល់ចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ គឺម្ចាស់ក្រុមហ៊ុន ជាអ្នកបង់ជំនួស១០០%។
៦- ផ្តល់ការតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹក តភ្លើងដល់ផ្ទះបងប្អូនកម្មករ-កម្មការិនី នៅឆ្ងាយដែលមិនទាន់ទៅដល់ឱ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលរបស់ពួកគាត់កុំឱ្យមានការឡើងថ្លៃ។
៧- ជាពិសេសទៅទៀត សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខសុវត្ថិភាព កម្មករ-កម្មការិនី ក្នុងពេលធ្វើដំណើរតាមរថយន្តម៉ៅការដឹកកម្មករ។
៨- ផ្តល់ជូនស្ត្រីមានផ្ទៃពោះសំរាលកូននឹងទទួលបានពេលវេលាឈប់សម្រាកពីការងាររយៈពេល៣ខែ និងទទួលបានប្រាក់ខែ១២០%(៥០%ដោយក្រុមហ៊ុន និង៧០%ដោយបេឡាជាតិរបបសន្តិសុខសង្គម)
៩- ផ្តល់ជូនកម្មការិនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។
បើសម្រាលបានកូនភ្លោះ(៣) គឺទទួលបានថវិកា ១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពី សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ឋបណ្ឌិត។
លោក ធុល នាង ប្រធានមន្ទីរការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល បានឱ្យដឹងថា អ្នកវិនិយោគិនទាំងអស់ ដែលបានដាក់ទុនរកស៊ីនៅក្នុងខេត្តកណ្ដាល ដែលមានរោងចក្រ-សហគ្រាសសរុបចំនួន៤៨៣ និងមានកម្មករ- និយោជិត១៥៣ ៤០៥នាក់(ស្រី១២០ ២០៦នាក់)៕