រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន រៀបចំពិធីដង្ហែរព្រះអគ្គិជ័យកីឡា និងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នាពេលខាងមុខនេះ
ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសហការី នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីបួងសួងលោកតាអី (ជាប់ផ្ទះមុខងារ) និងលោកតាក្រហម ក ក្នុងគោលបំណងដើម្បីបួងសួងសុំសេចក្ដីសុខ សេចក្តីចម្រើន ដល់លោកតាម្ចាស់ទឹក ម្ចាស់ដី ថែរក្សាគ្រប់ទិសទី ក្នុងពិធីទទួលដង្ហែព្រះអគ្គិជ័យកីឡាសម្រាប់ព្រឹត្តិការណ៍នៃការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃទី០៤-០៥ ខែឧសភា ខាងមុខនេះ និងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ដែលនៅសល់រយៈពេល០៦ថ្ងៃទៀតតែប៉ុណ្ណោះ។
គួបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តកំពង់ធំនឹងរៀបចំព្រះរាជពិធីបុណ្យច្ច្រត់ព្រះនង្គ័ល ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃ ៤រោច ខែពិសាខ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ៕