ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អនុញ្ញាតឲ្យ មន្រ្តីជាន់ខ្ពស់តំណាងនគរបាលសហព័ន្ធអូសាស្រ្តលី ជួបពិភាក្សាការងារស្តីពីកិច្ចសន្ទនាស្រ្តីក្នុងវិស័យនគរបាលជាតិ និងស្រ្តីក្នុងភាពជាអ្នកដឹកនាំ
ភំ្នពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោក Anthony Maguire មន្រ្តីជាន់ខ្ពស់ តំណាងនគរបាលសហព័ន្ធអូសាស្រ្តលី និងលោក Richard Moore ប្រធានក្រុមដឹកនាំក្រុមការងារវាយតម្លៃវឌ្ឍនភាពការងាររបស់គំរោងមេគង្គអូស្រ្តាលី ផ្តោតលើឧក្រិដ្ឋឆ្លងដែន ចូលជួបពិភាក្សាការងារពាក់ព័ន្ធកិច្ចការងារកន្លងមក ស្តីពីកិច្ចសន្ទនាស្រ្តីក្នុងវិស័យនគរបាលជាតិ និងស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងការស្នើសុំជាអនុសាសន៍ណែនាំត្រឡប់ទៅវិញ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា បានមានប្រសាសន៍ដោយក្តីសោមនស្សរីករាយក្រៃលែង ដែលបានជួបពិភាក្សាការងារជាមួយតំណាងនគរបាលសហព័ន្ធអូសាស្រ្តលី និងក្រុមការងារវាយតម្លៃវឌ្ឍនភាពការងាររបស់គំរោងមេគង្គអូស្រ្តាលីផ្តោតលើឧក្រិដ្ឋឆ្លងដែន ទៅលើកិច្ចការងារដែលបានអនុវត្តកន្លងមក ជាពិសេសកិច្ចការងារដែលបានសហការជាមួយក្រុមការងារយេនឌ័រ នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកជំទាវអគ្គស្នងការរងនគរបាលជាតិ បានបន្តថា គោលបំណងនៃកិច្ចជំនួបនាថ្ងៃនេះ ក្រោយពីមានទទួលព័ត៌មាន លោកជំទាវក៏បានរៀបចំកម្រងសំនួរវាយតម្លៃអំពីការចូលរួមសិក្ខាសាលាអំពី ស្រ្តីក្នុងវិស័យអនុវត្តច្បាប់ ដែលមានប្រធានបទ តម្លៃនៃភាពចម្រុះ និងភាពមានប្រៀបនេះផងដែរ។
លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា មានប្រសាសន៍ថ្លែងអរគុណចំពោះ លោក Richard Moore ដែលបានលើកជាសំណួរដ៏ល្អនេះឡើង គោលបំណងសំខាន់ខ្លីបំផុត គឺការលើកកម្ពស់សមត្ថភាពស្រ្តី ដើម្បីផ្តល់ចំនួននគរបាលនារីក្នុងក្របខណ្ឌនគរបាលជាតិមានការកើនឡើង ហើយដើម្បីពង្រីកចំនួនឲ្យកាន់តែកើនឡើង គឺផ្តល់ការលើកទឹកចិត្ត គាំទ្រដល់នគរបាលនារី ផ្តល់ការបង្កើនសមត្ថភាពរបស់មន្រ្តីនគរបាលនារី នៅក្នុងជួរកងកម្លាំងនគរបាលជាតិ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអាចផ្តល់ថ្នាក់ដឹកនាំក្នុងការវាយតម្លៃទៅលើការអនុវត្ត ទៅលើសមត្ថភាពពួកគាត់ ក៏ដូចជាការលើកទឹកចិត្ត ការដំឡើងឋានន្តរស័កិ្ត តួនាទី និងមានចំនួននគរបាលនារីក្នុងកម្រិតមុខតំណែង ក្នុងការសម្រេចចិត្តកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំជាបន្តបន្ទាប់។
លោក Anthony Maguire មន្រ្តីជាន់ខ្ពស់ តំណាងនគរបាលសហព័ន្ធអូស្ត្រាលី បានថ្លែងអំណរគុណលោកជំទាវ ដែលបានលើកឡើងផ្តោតសំខាន់ទៅលើការចូលរួមរបស់ស្រ្តី ក្នុងវិស័យនគរបាល។ លោកបន្តថា រដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលីចំនួន៣នាក់ហើយដែលជាស្រ្តី ហើយមេដឹកនាំជាស្រ្តីនេះ មានការចូលរួមចំណែកយ៉ាងខ្លាំងទាំងគ្រប់ផ្នែកទាំងអស់ នៅក្នុងក្រសួង ពិសេសនគរបាលអូស្រ្តាលី និងនគរបាលជាតិកម្ពុជាមានការផ្តោតសំខាន់លើបញ្ហាសមត្ថភាពរបស់ស្រ្តី។
ក្នុងជំនួបនោះ លោក Richard Moore ប្រធានក្រុមដឹកនាំក្រុមការងារវាយតម្លៃវឌ្ឍនភាពការងាររបស់គំរោងមេគង្គអូស្រ្តាលី ផ្តោតលើឧក្រិដ្ឋឆ្លងដែន បានលើកជាសំណួរដល់លោកជំទាវ ពាក់ព័ន្ធការងារយេនឌ័រ តើអ្វីដែលជាឧបស័គ្គ និងសំខាន់ក្នុងការធ្វើឲ្យស្រ្តីមានសមត្ថភាព និងដើម្បីឲ្យស្រ្តីនៅក្នុងវិស័យនគរបាល ក្នុងការអនុវត្តច្បាប់នេះ អាចដើរតួនាទីបានល្អ សមទទួលបានការដំឡើងឋានៈ តួនាទី ?
ជាការឆ្លើយតប លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរង បានថ្លែងអរគុណ លោក Richard Moore ដែលបានលើកជាសំណួរដ៏ល្អនេះឡើង អ្វីដែលជាឧបស័គ្គធំរបស់ស្រ្តី គឺស្រ្តីខ្លួនឯង គឺមន្រ្តីនគរបាលនារីខ្លួនឯង ហើយអ្វីដែលជាបញ្ហាប្រឈមនោះ តើពួកគាត់មានភាពរឹងមាំ ភាពឯករាជ្យ ភាពក្លាហានគ្រប់គ្រាន់ដែរឬទេ ក្នុងការបញ្ចេញនូវមតិយោបល់ខ្លួនទៅកាន់ថ្នាក់ដឹកនាំ ទៅកាន់អ្នកបំពេញការងារជុំវិញរបស់គាត់ទេ? ផ្តើមចេញពីភាពក្លាហាន ដឹងយល់ពីគោលបំណង ដែលខ្លួនចង់ធ្វើនោះ គឺពាក់ព័ន្ធនឹងសមត្ថភាព ការយល់ដឹង ចំណេះដឹងរបស់ពួកគាត់ កាលណាពួកគាត់មានចំណេះដឹងទាំងអស់ហ្នឹងហើយ គឺធ្វើឲ្យគាត់មានជំនឿទុកចិត្ត គឺគាត់ហ៊ាននិយាយ។
លោកជំទាវបន្តថា ស្រ្តីមានការចូលរួមបាន គឺដោយសារមានការគាំទ្រ និងលើកទឹកចិត្តពីក្រុមគ្រួសារផង ពីអ្នកនៅជុំវិញខ្លួនគាត់ផង សម្រាប់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកតែងតែគិតគូរនិងគាំទ្រ អំពីការលើកកម្ពស់តួនាទីរបស់ស្រ្តី ក្នុងការចូលរួមនៅក្នុងកិច្ចការងារនគរបាល តែអ្វីដែលសំខាន់បំផុតនោះ ថាតើស្រ្តីខ្លួនឯង បានបំពេញតួនាទី ភារកិច្ចបានដល់កម្រិតណា? អ្វីដែលសំខាន់ទៀតនោះ គឺឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ បានផ្តល់ឱកាសឲ្យពួកគាត់ជានិច្ច ឲ្យតែពួកគាត់មានសមត្ថភាព។