ប្រធានសហព័ន្ធកីទ្បាបាល់ទាត់កម្ពុជា ប្រកាសលាលែងពីតំណែង ប្រសិនបើក្រុមគោព្រៃកម្ពុជា U-២២ ឆ្លងមិនដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ភ្នំពេញ៖ ឯកឧត្ដម សៅ សុខា ប្រធានសហព័ន្ធកីទ្បាបាល់ទាត់កម្ពុជា បានប្រកាសលាលែងពីតំណែង ប្រសិនបើក្រុមគោព្រៃកម្ពុជា U-២២ ធ្លាក់ចេញពីវគ្គសន្សំពិន្ទុក្នុងពូលA លើវិញ្ញាសាបាល់ទាត់ផ្នែកបុរសអាយុក្រោម២២ឆ្នាំ ពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២នេះ។
ការលើកទ្បើងបែបនេះ បន្ទាប់ពីក្រុមគោព្រៃU-២២កម្ពុជា ប្រកួតស្មើគ្នា ១-១ ជាមួយក្រុមហ្វីលីពីន នៃការប្រកួតជម្រុះសន្សំពិន្ទុជុំទីពីរក្នុងពូលA ដែលដឹកនាំដោយគ្រូបង្គោលលោក រីយ៉ូ ហ៊ីរ៉ូស៊ិ Ryu Hirose។
ការទទួលបានតែមួយពិន្ទុនេះ ធ្វើឱ្យឯកឧត្ដម សៅ សុខា ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជាង១ទសវត្សរ៍មកនោះ មានការខឹងសម្បារយ៉ាងខ្លាំង ព្រោះតែបាត់បង់ឱកាសក្នុងការដណ្តើមយក៣ពិន្ទុដ៏មានសារសំខាន់របស់ក្រុមគោព្រៃកម្ពុជា ដោយលោកបញ្ជាក់ពីទំនួលខុសត្រូវ ក្នុងនាមជាប្រធានសហព័ន្ធ។
កាលពីរាត្រីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ តាមរយៈការបង្ហោះសារលើបណ្តេាញសង្គមហ្វេសប៊ុករបស់ឯកឧត្ដម សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «បើការប្រកួតក្នុងវគ្គចែកពូលវិញ្ញាសាកីឡាបាល់ទាត់បុរសអាយុក្រោម២២ឆ្នាំមិនអាចឆ្លងផុត ដើម្បីឈានទៅបន្តប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់តំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( FFC ) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម។ ក្នុងករណីនេះ កើតឡើងខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងអគ្គលេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាត ដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធកីឡាបាល់ទាត់ថ្មី ដើម្បីបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ខ្ញុំសូមទោសប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់ មេត្តាអភ័យទោស ដែលរូបខ្ញុំអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះ ទទួលបានជោគជ័យជូនជាតិ»។
សូមរំលឹកថា សម្រាប់ពីរប្រកួតចុងក្រោយរបស់ក្រុមគោព្រៃ គឺជួបសុទ្ធតែក្រុមខ្លាំងទាំងអស់ ពោលគឺជួបក្រុមភូមានៅថ្ងៃទី០៧ឧសភា និងជួបក្រុមឥណ្ឌូណេស៊ីនៅថ្ងៃទី១០ឧសភា ដើម្បីបិទបញ្ចប់វគ្គជម្រុះក្នុងពូល។ សម្រាប់អ្នកគាំទ្រ ២ប្រកួតចុងក្រោយរបស់ក្រុមគោព្រៃអាយុក្រោម២២ឆ្នាំកម្បុជា ហាក់ដូចជាមានឱកាសតិចតួចណាស់ក្នុងការទ្បើងទៅវគ្គ៤ក្រុមចុងក្រោយ ទោះបីពេលនេះក្រុមកម្ពុជាកំពុងឈរលើកំពូលតារាងក៏ដោយ ព្រោះបើក្រុមកម្ពុជាភ្លាត់ស្នៀតចាញ់ក្រុមណាមួយ ឬទាំងពីរ នោះឱកាសឡើងទៅវគ្គខ្វែងគឺគ្មានតែម្ដង ដូច្នេះ ២ប្រកួតចុងក្រោយនេះ គឺកម្ពុជាត្រូវការឈ្នះជាចាំបាច់ ឬយ៉ាងហោចណាស់ក៏ត្រូវឈ្នះមួយ ស្មើមួយទើបអាចធានាកៅអីរបស់ខ្លួនឡើងទៅវគ្គបន្តបាន៕