ឯកឧត្តម សុខ លូ ស្នើដល់មន្ទីរអង្គភាព អនុសាខាក្រុង-ស្រុកទាំអស់ និងមន្ត្រីប្រតិបត្តិសាខា ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការកៀរគររកមូលនិធិដើម្បីអបអរសាទរខួបទី ១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍនចន្ទក្រហម ៨ឧសភា ២០២៣ ក្រោមប្រធានបទ“ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម” នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ ក្រុមការងារទាំងអស់ ដើម្បីសម្រេចបានជោគជ័យដូចការរំពឹងទុក ។
ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម បានស្នើដល់មន្ទីរអង្គភាព អនុសាខាក្រុង-ស្រុកទាំអស់ និងមន្ត្រីប្រតិបត្តិសាខា ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការចូលរួមដោះស្រាយនូវបញ្ហាប្រឈមនានាជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅក្នុងភូមិសាស្ត្ររបស់ខេត្ត ហើយចូលរួមអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនគិតពីពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ។
ឯកឧត្តម បានជម្រាបជូនបន្ថែមថា ដើម្បីឆ្ពោះទៅការកៀរគរកមូលនិធិសម្រាប់ទិវា៨ឧសភា ២០២៣ ឱ្យទទួលបានជោគជ័យ សាខាខេត្តបាត់ដំបង សង្ឃឹមជឿជាក់ថា សប្បុរសជននឹងចូលរួមឧបត្ថម្ភគាំទ្រជាថវិកា សម្ភារៈដើម្បីសាខាសម្រេចបានចក្ខុវិស័យ និងបេសកកម្មរបស់កាកបាទក្រហមកម្ពុជាក្នុងការកៀរគរកម្លាំងមនុស្សធម៌ ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុត តាមរយៈវិស័យស្នូលទាំង ៤ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧របស់ចលនាកាកបាទក្រហមនិង អឌ្ឍចន្ទក្រហម៕