បណ្ឌិត ហ៊ុន ម៉ាណែត៖ សុខសន្តិភាព បានប្រែក្លាយតំបន់ស្រុកលើកដែក ពីសមរភូមិប្រយុទ្ធក្នុងសម័យកាលសង្គ្រាម ឱ្យទៅជាមានការអភិវឌ្ឍរីកចម្រើន
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជានាពេលអនាគតបានលើកឡើងថា សុខសន្តិភាព បានប្រែក្លាយតំបន់ស្រុកលើកដែកនេះ ពីសមរភូមិប្រយុទ្ធក្នុងសម័យកាលសង្គ្រាម ឱ្យទៅជាមានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពានយ៉ាងប្រទាក់ក្រឡា។
ឯកឧត្ដមបន្តថា ជាក់ស្តែងគម្រោងធំៗរបស់រាជរដ្ឋាភិបាលក្នុងតំបន់នេះ មានដូចជា៖ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងគម្រោងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទៅកាន់ផ្លូវល្បឿន-លឿន ភ្នំពេញ-បាវិត ជាដើម ។ល។ ហើយគម្រោងទាំងនេះ ក៏នឹងផ្សារភ្ជាប់ស្រុកលើកដែក ទៅតំបន់ឧស្សាហកម្មជុំវិញ ដែលធ្វើឱ្យស្រុកលើកដែកកាន់តែមានសក្តានុពលសម្រាប់សេដ្ឋកិច្ច និងការបង្កើនឱកាសការងារបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ឯកឧត្ដមបណ្ឌិតមានប្រសាសន៍បែបនេះក្នុងពេលអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តបទុមវង្សា ហៅវត្តកំពង់ភ្នំក្រៅ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាលនាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។
នៅក្នុងឳកាសនោះឯកឧត្ដមបណ្ឌិត ក៏បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ក៏ដូចជានៅទូទាំងខេត្តកណ្តាលចំពោះសមិទ្ធផលថ្មីៗជាច្រើន ដែលបាននិងកំពុងរីកលូតលាស់បន្ថែមទៀតក្នុងវត្តបទុមវង្សា ហៅវត្តកំពង់ភ្នំក្រៅ ក្រោមស្មារតីរួបរួមគ្នាប្រកបដោយសទ្ធាជ្រះថ្លា និងសប្បុរសរបស់ពុទ្ធបរិស័ទជិតឆ្ងាយ ព្រមជាមួយនឹងការគាំទ្របង្កលក្ខណៈគ្រប់បែបយ៉ាងពីសំណាក់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ផងដែរ៕