អបអរសាទរ! គុនល្បុក្កតោ និងគុនខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងធម្មនុញ្ញស៊ីហ្គេមជាផ្លូវការ
ភ្នំពេញ៖ កម្ពុជាបានប្រកាសពីជោគជ័យថ្មីមួយទៀត ក្នុងការដាក់បញ្ចូលប្រពៃណី អត្តសញ្ញាណជាតិរបស់ខ្លួន គឺកីឡាគុនល្បុក្កតោ និងកីឡាប្រដាល់គុនខ្មែរ ទៅធម្មនុញ្ញរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ជាផ្លូវការ នៅល្ងាចថ្ងៃទី០៤ ខែឧសភានេះ ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដឹកនាំដោយបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ប្រធាន NOCC និងជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។
បើតាមឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ថា ការឯកភាពដាក់កីឡា គុនល្បុក្កតោ និងគុនខ្មែរ ក្នុងធម្មនុញ្ញស៊ីហ្គេមនេះ នាំឲ្យកីឡាប្រពៃណីរបស់កម្ពុជាទាំងពីរ ត្រូវបានទទួលស្គាល់ដោយផ្លូវច្បាប់ និងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបន្ដរៀបចំការប្រកួតកីឡាស៊ីហ្គេមនៅបណ្ដាប្រទេសផ្សេងទៀត។
ឯកឧត្ដមសង្កត់ធ្ងន់ថា ការឯកភាពពីបណ្ដាប្រទេសសមាជិក ពិសេសគណៈកម្មាធិការជាតិអូឡាំពិកទាំងអស់នេះ គឺដើម្បីតបស្នង ចំពោះការយកចិត្តទុកដាក់ និងការរៀបចំស៊ីហ្គេមបានយ៉ាងល្អរបស់ម្ចាស់ផ្ទះកម្ពុជា ពិសេសការគិតគូរ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលសម្ដេចបានធ្វើឲ្យចលនាអូឡាំពិកក្នុងតំបន់ និងពិភពលោកមានការភ្ញាក់ផ្អើល និងស្ងើចសរសើរចំពោះកម្ពុជា៕