ឯកឧត្តម ហ៊ុន ម៉ានិត៖ បច្ចុប្បន្ននេះ វិស័យអាណាចក្រ និងវិស័យពុទ្ធចក្របានអភិវឌ្ឍន៍ទន្ទឹមគ្នា លុះត្រាតែជីវភាពបងប្អូនប្រជាពលរដ្ឋមានការរីកចម្រើនផងដែរ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យអាណាចក្រ និងវិស័យពុទ្ធចក្របានអភិវឌ្ឍន៍ទន្ទឹមគ្នា។ ប៉ុន្តែទន្ទឹមនឹងនេះប្រសិនបើវិស័យអាណាចក្រមិនមានការអភិវឌ្ឍទេនោះ ឬក៏ ជីវភាពបងប្អូនប្រជាពលរដ្ឋ មិនមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនោះទេ ក៏គ្មានការចូលរួមចែករំលែក ពីរសប្បុរសជន ដើម្បីអភិវឌ្ឍន៍លើវិស័យពុទ្ធចក្រនេះផងដែរ។ ប៉ុន្តែដោយសារ មានការអភិវឌ្ឍលើគ្រប់វិស័យនេះហើយ ធ្វើឱ្យជីវភាពបងប្អូនប្រជាពលរដ្ឋយើងបានល្អប្រសើរ ទើបមានការចែករំលែកពីសប្បុរសជន និងមានការជំរុញឲ្យសាងសង់ នូវសមិទ្ធផលថ្មីៗ តាមបណ្ដាវត្តផ្សេងៗទៀត នៅក្នុងភូមិសាស្ត្រស្រុកកងមាសក៏ដូចជានៅទូទាំងប្រទេសកម្ពុជាយើង។
មាប្រសាសន៍បែបនេះក្នុងឱកាសដែរ ឯកឧត្តម ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីក្នុងពិធីបណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តនិរោធរង្សី ហៅវត្តអន្លង់រុន ស្ថិតនៅក្នុងឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានិត បានពាំនាំ នូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត មកដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋ សមត្ថកិច្ច និងថ្នាក់ដឹកនាំទាំងអស់ ដែលមានវត្តមាននៅទីនេះ។
ឯកឧត្តមបានបន្តថា សមិទ្ធផលថ្មីៗ នៅក្នុងវត្តនិរោធរង្សី ដែលនឹងត្រូវកាត់ខ្សែបូលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលបន្តិចទៀតនេះ គឺជាសមិទ្ធផលដែលបានមកពីការរួមគ្នា ពីសប្បុរសជន និងការខិតខំប្រឹងប្រែងគៀងគរ ពីសំណាក់ព្រះសង្ឃគ្រប់ព្រះអង្គផងដែរ។
ឯកឧត្តមបានយកឱកាសនោះវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះព្រះចៅអធិការវត្តគ្រប់ជំនាន់ ពោលគឺចាប់ផ្ដើមពីការកសាងវត្តអារាមនេះ ប្រើរយៈពេល ៣០ ឆ្នាំ រហូតទទួលបានសមិទ្ធផលយ៉ាងច្រើនដូចពេលបច្ចុប្បន្ននេះ ៕