កម្ពុជា ប្តេជ្ញារួមគ្នាជាមួយសមាជិកអាស៊ាន ដើម្បីផ្តល់ការគាំទ្រនិងកិច្ចសហការ យ៉ាងជិតស្និទ្ធជាមួយឥណ្ឌូនេស៊ី សំដៅជំរុញឱ្យសមិទ្ធផលអាទិភាពសេដ្ឋកិច្ច
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២២ នៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូនេស៊ី។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម AIRLANGGA HARTARTO រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់សាធារណរដ្ឋឥណ្ឌូនេស៊ីនិងជាប្រធានក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ព្រមទាំងមានការចូលរួមពីបណ្តារដ្ឋមន្ត្រីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន និងមន្ត្រីលេខាធិការដ្ឋាន អាស៊ាន។ នៅក្នុងកិច្ចប្រជុំនេះដែរ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ប្រទេសទីម័រខាងកើត និងគណៈប្រតិភូ ក៏បានចូលរួមក្នុងនាមជាសមាជិកសង្កេតការណ៍ ផងដែរ។
ជាកិច្ចចាប់ផ្តើម ប្រធានអង្គប្រជុំបានថ្លែងនូវមតិស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះបណ្តារដ្ឋមន្ត្រីក្រុមប្រឹក្សា សហគមន៍សេដ្ឋកិច្ចអាស៊ាន អគ្គលេខាធិការអាស៊ាន គណៈប្រតិភូសមាជិកអាស៊ាន មន្ត្រីលេខាធិការដ្ឋានអាស៊ាន និងរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ប្រទេសទីម័រខាងកើត ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះនិងបាន
ផ្តល់ការគាំទ្រដល់ប្រទេសឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៣។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្នុងគោលបំណងដើម្បីពិនិត្យ ផ្តល់អនុសាសន៍ណែនាំ កត់សម្គាល់ អនុម័ត ក៏ដូចជាចែករំលែកនូវទស្សនៈគ្នាទៅវិញទៅមករវាងបណ្តារដ្ឋមន្ត្រីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើរបៀបវារៈសំខាន់ៗ រួមមាន៖ (១)វឌ្ឍនភាពនៃកិច្ចការនិងគំនិតផ្តួចផ្តើមនានារបស់អាស៊ានពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាព (២)ដំណើរការនៃការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីតំបន់ ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយរបស់ឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០២៣ (៣)ទស្សនវិស័យសេដ្ឋកិច្ចតំបន់និងសាកល (៤)វឌ្ឍនភាពនៃសមិទ្ធផល អាទិភាពសេដ្ឋកិច្ច ព្រមទាំងអាទិភាពប្រចាំឆ្នាំ ក្រោមភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ី (៥)វឌ្ឍនភាពនៃការបង្កើតក្របខ័ណ្ឌសម្រាប់ការចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (៦)វឌ្ឍនភាពនៃការអនុវត្តនិងអនុលោមភាពទៅនឹងផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ (៧)ការត្រៀមរៀបចំនានារបស់សហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ (៨)ដំណើរការនិងវឌ្ឍនភាពនានានៃសំណើរបស់ទីម័រខាងកើតក្នុងការចូលជាសមាជិកអាស៊ាន និង (៩)ការត្រៀមរៀបចំនានារបស់សសរស្តម្ភ សហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណនិងកោតសររសើរដល់ប្រទេសឥណ្ឌូនេស៊ីដែលបាន ទទួលបដិសណ្ឋារកិច្ចនិងរៀបចំកិច្ចប្រជុំបានល្អ។ បន្ថែមពីនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃសមិទ្ធផលអាទិភាពសេដ្ឋកិច្ចឆ្នាំ២០២២ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ដែលក្នុងនោះក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចសរុបចំនួន១៩ អាស៊ានសម្រេចបានចំនួន១៦ ខណៈដែលសមិទ្ធផលអាទិភាពចំនួន៣ទៀតគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៣នេះ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសម្តែងនូវការប្តេជ្ញាចិត្តរួមគ្នាជាមួយនឹងបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីផ្តល់នូវការគាំទ្រនិងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយឥណ្ឌូនេស៊ី សំដៅជំរុញឱ្យសមិទ្ធផលអាទិភាពសេដ្ឋកិច្ច ក៏ដូចជាកិច្ចការអាទិភាពនានាក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានទទួលបាននូវលទ្ធផល និងផ្លែផ្កាជាទីគាប់ចិត្ត ក្រោមភាពជាប្រធានអាស៊ានឆ្នាំ២០២៣ របស់ប្រទេសឥណ្ឌូនេស៊ី។ បន្ថែមពីនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់ អនុសាសន៍និងលើកទឹកចិត្តឱ្យក្រុមការងារពាក់ព័ន្ធគ្រប់វិស័យទាំងអស់ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ខិតខំប្រឹងប្រែងតាមដានការអនុវត្តការងារឱ្យបានទៀងទាត់ ដើម្បីសម្រេចបាននូវសមិទ្ធផលអាទិភាព និងគំនិតផ្តួចផ្តើមនានា ដែលស្ថិតក្រោមសមត្ថកិច្ចរៀងៗខ្លួន ឱ្យទទួលបានជោគជ័យជាអតិបរមា។
កិច្ចប្រជុំនេះបានបញ្ចប់ទៅដោយរលូន និងប្រកបដោយផ្លែផ្កា គួរជាទីមោទនៈ៕