អភិបាលខេត្តបន្ទាយមានជ័យ៖ កងកម្លាំងប្រដាប់អាវុធទាំង៣ យើងបានខិតខំប្រឹងប្រែងរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងខេត្តបានល្អប្រសើរ
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកទើងថា ដោយមានកងកម្លាំងប្រដាប់អាវុធទាំង០៣ យើងបានខិតខំប្រឹងប្រែងរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋទូទាំងខេត្តបានល្អប្រសើរ ដែលឲ្យពួកគាត់ប្រកបរបរទទួលទានផ្សេងៗ បានជោគជ័យ ខំខាន់នោះព្រឹត្តិការណ៍ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅនេះ ដែលទីតាំងធំៗបានរៀបចំមាន០៣ គឺសិរីសោភ័ណ ,បន្ទាយឆ្មារនិងប៉ោយប៉ែត ក្រៅពីនោះមាននៅតាមវត្តអារាមនិងទីប្រជុំជន នានា មានប្រជាពលរដ្ឋមកលេងកំសាន្តយ៉ាងច្រើន បើយោងតាមរបាយការណ៍ជាង៦០ម៉ឺននាក់ ។
ការថ្លែងនេះ ក្នុងឱកាសដែលឯកឧត្តម អភិបាលខេត្ត បានចូលរួមប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ក្រោមអធិបតី ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្តីរ ស្ថា ប័ន នានា ជុំវិញខេត្ត តំណាងថ្នាក់ដឹកនាំកងកម្លាំងទាំង៣ប្រភេទ និងក្រុប្រឹក្សាខេត្ត ក្រុង ស្រុកទាំង០៩ ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា៖ ទន្ទឹមនឹងនោះក៏មានគ្រោះធម្មជាតិ ដែលបង្កឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ ដែលរងគ្រោះដំបូង គឺ នៅស្រុកថ្មពួក តែមួយយប់គឺមានផ្ទះប្រជាពលរដ្ឋប្រមាណជា៤០០ខ្នងត្រូវខូចខាតដោយសារខ្យល់កន្ត្រាក់ បន្ទាប់មកក៏មានបណ្តាស្រុកផ្សេងៗទៀត ។ ជាមួយនឹងគ្នានោះ ជាទម្លាប់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង០៣ និងសាខាកាកបាទក្រហមខេត្ត ក៏បានចេញអន្តរាគមន៍ជួយដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ដូចជាការជួយសង្រ្គោះមនុស្ស ជួយរុះរើនិងរៀបចំផ្ទះសម្បែងជូនគាត់និងការជួយដោះស្រាយស្បៀងអាហារជូនប្រជាពលរដ្ឋបានទាន់ពេលវេលាផងដែរ ។ មួយវិញទៀតចំពោះបញ្ហាការងារ នៅតំបន់២និងតំបន់៣ ខេត្តបន្ទាយមានជ័យរបស់យើងបានដំណើរការមុនគេដោយមានការយកចិត្តទុកដាក់ពីការងាររួមទាំងអស់ កងកម្លាំងដែលប្រចាំការនៅទីនោះ អាជ្ញាធរដែនដី យើងបានស្នើសុំគោលការណ៍ដែលឯកឧត្តម ជា សុផារ៉ា បានអញ្ជើញមកផ្ទាល់ហើយបានឆ្លងទៅការសម្រេចពីថ្នាក់ដឹកនាំ ក្នុងនោះខេត្តបន្ទាយមានជ័យ ទី១-ត្រូវបានកាត់ភូមិចំនួន១០ គឺក្នុងស្រុកមង្គលបូរីចំនួន០៧ភូមិ និងព្រះនេត្រព្រះ០៣ភូមិ ពីតំបន់២មកជាតំបន់១ បានប្រកាសជាផ្លូវការ នឹងបានប្រគល់ប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋគាត់ក្នុងពេលឆាប់ៗ ។ចំពោះដីតំបន់២មានសិទ្ធិតែគ្រប់គ្រងនិងអាស្រ័យផលទេ ចំពោះសិទ្ធិចាត់ចែងគឺអត់មាន ហើយដីនេះបានស្នើសុំជាង២០០ហិកតា ឯការសម្រេចបានដល់ទៅជាង៣០០ហិកតា ។ ដោយឡែកដីតំបន់៣ ដែលគ្រងកាត់ពីតំបន់៣មកតំបន់២ ចំពោះបងប្អូនប្រជាពលរដ្ឋមានដី០១ហិកតា ប្រគល់ជូន០១ហិកតា មានជាង០១ហិកតាប្រគល់ជូន២ហិកតា ហើយច្រើនបំផុតគឺ១០ហិកតា ប៉ុណ្ណោះ ទោះមានរាប់រយហិកតាក៏ដោយគឺប្រគល់ជូនតែ១០ហិកតាប៉ុណ្ណោះ ហើយរដ្ឋបាលខេត្តបានធ្វើសេចក្តីជូនដំណឹងហើយនិងបិទប្រកាសផ្ទៀងផ្ទាត់ចំពោះប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី ។
ទាក់ទិននឹងការធ្វើប័ណ្ណឆ្លងដែន ឯកឧត្តមអ៊ុំ រាត្រី បានបញ្ជាក់ថា៖ដោយសារតែមានការលំបាករបស់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធច្រកចេញ ចូលតែមួយ ប័ណ្ណឆ្លងដែនកន្លងមកធ្វើនៅសាលាខេត្ត រដ្ឋបាលខេត្តបានសម្រេចផ្តល់ប័ណ្ណឆ្លងដែនធ្វើនៅនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែតតែម្តង ដើម្បីបង្កភាពងាយស្រួលដល់ការងារ ផ្តល់សេវាជូនប្រជាពលរដ្ឋ ។
ថ្លែងនាឱកាសនោះ ក្នុងនាមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខេង ស៊ុម បានកោតសរសើរដល់អាជ្ញាធរខេត្ត ស្រុក ក្រុង គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំយកអស់ស្មារតី ទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋ និងការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរគួរជាទីមោតកភាព ។
ចុងបញ្ចប់ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់រដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ត្រូវរៀបចំផែនការឲ្យបានត្រឹមត្រូវ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព បានល្អក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដាខាងមុខ ទទួលបានលទ្ធផលល្អ ៕