សម្ដេច ស ខេង អញ្ជើញជាអធិបតីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល ជំនាន់ទី៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា, និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលពិធីនេះប្រារព្ធធ្វើឡើង នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងថា អនុវត្តតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង, បណ្ឌិត្យសភានគរបាលកម្ពុជា បានបណ្ដុះបណ្ដាលសិក្ខាកាម នៃវគ្គសុក្រឹតការដឹកនាំនគរបាល ចំនួន ៣ជំនាន់រួចមកហើយ រួមទាំងជំនាន់ទី៣នេះ ដែលកំពុងធ្វើពិធីបិទវគ្គនៅថ្ងៃនេះផងដែរ។ សិក្ខាកាម បានបញ្ចប់វគ្គសិក្សាទាំង ៣វគ្គ មានចំនួនសរុប ៦៨២នាក់ ក្នុងនោះ នារី ៥៥នាក់។
ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បន្ដថា វគ្គបណ្ដុះបណ្តាលនេះ បានចាប់ផ្ដើមនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ហើយត្រូវបានរៀបចំឡើង ដោយមានការយកចិត្តទុកដាក់ខ្ពស់ស្របតាមបច្ចេកទេសរបស់កងកម្លាំង និងស្របតាមគុណភាពដែលបានកំណត់ ដើម្បីលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ នៃក្រមសីលធម៌របស់នគរបាលជាតិ ឱ្យឆ្លើយតបទៅនឹងគោលនយោបាយ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាល និងផែនការអភិវឌ្ឍធនធានមនុស្ស ផ្នែកកងកម្លាំងនគរបាលជាតិ របស់ក្រសួងមហាផ្ទៃ។
លើសពីនេះ ឯកឧត្តម ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានលើកឡើងអំពីដំណើរការនូវគោលបំណង និងសារៈសំខាន់ នៃវគ្គសិក្សា លទ្ធផលល្អ នៃការសិក្សារបស់សិក្ខាកាម និងភារកិច្ចទទួលខុសត្រូវរបស់បណ្ឌិត្យសភា លើការងារបណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់គុណភាព សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ។
អញ្ជើញថ្លែងនាឱកាសនោះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងមន្ដ្រីបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយភាពច្នៃប្រឌិត និងការទទួលខុសត្រូវខ្ពស់ លើការងារគ្រប់គ្រងអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធ និងការកសាងធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិ ដើម្បីបម្រើការងារជូនវិស័យសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រកបដោយជោគជ័យ។
ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានអបអរសាទរចំពោះសិក្ខាកាមជ័យលាភីទាំងអស់ ដែលបានចូលរួមសិក្សាវគ្គសុក្រឹតការដ៏មានសារៈសំខាន់នេះ តាមការចាត់តាំងរបស់ក្រសួង ព្រមទាំងយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ហ្វឹកហាត់ និងគោរពវិន័យ បានយ៉ាងល្អប្រសើរ រហូតដល់ទទួលជោគជ័យ ស្របតាមកម្មវិធី ដែលបានកំណត់។
សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា ការដាក់ឱ្យដំណើរការវគ្គសិក្សានេះ គឺជាសក្ខីភាពបង្ហាញអំពីការងារកំណែទម្រង់នគរបាលជាតិ និងការអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិរបស់ក្រសួងមហាផ្ទៃ ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចក្រឡាហោម បានចាត់ទុកថាការងារបណ្តុះបណ្តាលមន្ដ្រីនគរបាលជាតិ គឺជាការងារចាំបាច់ ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំដោយគ្មានទីបញ្ចប់នោះទេ ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹង គ្រប់គ្រាន់លើផ្នែកទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្ដែង និងមានសមត្ថភាពជំនាញវិជ្ជាជីវៈពិតប្រាកដ ក្នុងការចូលរួមចំណែករក្សាសន្តិភាព ស្ថិរភាពសង្គម សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ។
ជាចុងក្រោយ សម្តេចក្រឡាហោម ស ខេង ក៏បានផ្តល់អនុសាសន៍ដល់បណ្ឌិត្យសភាឱ្យបន្តការងារបណ្ដុះបណ្ដាល កងកម្លាំងនគរបាលជាតិ ស្របតាមស្តង់ដាគុណភាពដែលបានកំណត់ និងផ្ដាំផ្ញើដល់សិក្ខាកាមជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញវិជ្ជាជីវៈដែលទទួលបានពីវគ្គសិក្សានេះ ទៅអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងការងារ បម្រើអង្គភាព សង្គមជាតិ និងប្រជាពលរដ្ឋ៕