អភិបាលខេត្តព្រះសីហនុ៖ កីឡាករ កីឡាការិនីទាំងពីរភេទ ត្រូវខិតខំបញ្ចេញឱ្យអស់នូវសមត្ថភាព ដើម្បីដណ្តើមមេដាយមាសជូនប្រទេសរៀងៗខ្លួននាពេលខាងមុខ
ភ្នំពេញ៖ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ អញ្ជើញដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្សមើលការប្រកួតកីឡាស៊ីហ្គេមអាស៊ីអាគ្មេយ៍លើកទី៣២ (32 SEA GAME) ២០២៣ ផ្នែកបាល់ទះលើឆ្នេរខ្សាច់ នៅពយជំទាវម៉ៅ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមរបាយការណ៍គណៈកម្មការប្រកួតកីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ២០២៣ សម្រាប់វិញ្ញាសារកីឡាបាល់ទះលើឆ្នេរខ្សាច់នៅខេត្តព្រះសីហនុ និងចាប់ផ្តើមការប្រកួតនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ។ ចំពោះវិញ្ញាសារបាល់ទះលើឆ្នេរខ្សាច់មានពីរផ្នែក គឺផ្នែកបុរស និងផ្នែកនារី ដែលមានកីឡាករ កីឡាការិនីចូលរួមមកពីប្រទេសចំនួន៩ សរុបចំនួន ៥៥នាក់ ក្នុងនោះវិញ្ញាសារបាល់ទះលើឆ្នេរខ្សាច់ ផ្នែកនារី មានកីឡាចូលរួមប្រកួត ៧ប្រទេស សរុបចំនួន ៤២នាក់។ ក្នុងនោះមានគណៈកម្មការ និងមន្ត្រីបច្ចេកទេសជាតិ អន្តរជាតិចំនួន ១៦៥នាក់។
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានឱ្យដឹងថា ខេត្តព្រះសីហនុ ត្រូវបានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ២០២៣ មានកីឡា ៣ប្រភេទរួមមាន៖ ១.កីឡាបាល់ទះលើឆ្នេរខ្សាច់ រៀបចំការប្រកួតនៅឆ្នេរពយជំទាវម៉ៅ (ជិតដើមឈើចាំស្នេហ៍), ២.កីឡាទូកក្តោង ត្រូវបានបិទបញ្ចប់ការប្រកួតរួចហើយ និងទី៣.កីឡាម៉ូតូទឹក រៀបចំការប្រកួតនៅលើផ្ទៃសមុទ្រមុខឆ្នេរសុខា ជាប់ទីលានតេជោ (ពយតាមូង) នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។
ឯកឧត្តមអភិបាលខេត្ត សង្ឃឹមថា កីឡាករ កីឡាការិនីទាំងពីរភេទ ត្រូវបញ្ចេញឱ្យអស់ត្រូវខិតខំបញ្ចេញឱ្យអស់នូវសមត្ថភាព បច្ចេកទេសរៀងៗខ្លួន ដើម្បីដណ្តើមមេដាយមាសជូនប្រទេសរៀងៗខ្លួននាពេលខាងមុខ និងសូមឱ្យការស្នាក់នៅ និងការប្រកួតកីឡាលើឆ្នេរខ្សាច់រយៈពេល ៧ថ្ងៃខាងមុខនេះ ប្រព្រឹត្តិទៅតាមការគ្រោងទុក ព្រមទាំងចូលរួមអនុវត្តតាមការណែនាំរបស់គណៈកម្មការបច្ចេកទេសប្រកួត។ ហើយនេះក៏ជាការប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅក្នុងទឹកដីនៃខេត្តព្រះសីហនុ ថ្វីត្បិតតែកីឡាបាល់ទះលើឆ្នេរខ្សាច់ គឺជាប្រភេទកីឡាថ្មីមួយសម្រាប់កម្ពុជា និងក្រុមកីឡាករ កីឡាការិនីរបស់កម្ពុជា សង្ឃឹមថា កីឡាករ កីឡាការិនីកម្ពុជា និងខិតខំបញ្ចេញសមត្ថភាព បច្ចេកទេសនៃការប្រកួត ដើម្បីយកមេដាយមាសជូនជាតិ មាតុភូមិកម្ពុជា នាពេលខាងមុខ។
ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិអញ្ជើញចូលរួមទស្សនាកីឡាបាល់ទះលើឆ្នេរខ្សាច់នៅខេត្តព្រះសីហនុ ប្រកបដោយភាពសប្បាយរីករាយទាំងអស់គ្នា ក្រោមម្លប់សន្តិភាព។
សូមបញ្ជាក់ថា វិញ្ញាសារប្រកួតកីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍លើកទី៣២ ផ្នែកទូកក្តោង នៅខេត្តព្រះសីហនុ កីឡាករកម្ពុជាទទួលបានមេដាយប្រាក់០១គ្រឿង និងមេដាយសំរិទ្ធ ០១គ្រឿងផងដែរ ៕