សម្ដេចក្រឡាហោម ស ខេង វិជ្ជមានកូវីដ១៩
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទីត្រូវបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩ និងត្រូវបានដាក់ខ្លួនដាច់ដោយឡែក។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១២ ខែឧសភានេះ សម្ដេចក្រឡាហោមបានបញ្ជាក់យ៉ាងដូច្នេះថា “ ខ្ញុំសូមជម្រាបជូនជនរួមជាតិសូមជ្រាបថា បន្ទាប់ពីអការៈសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច ខ្ញុំបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩។ ខ្ញុំក៏បានណែនាំក្រុមគ្រួសារ និងអ្នកនៅជុំវិញធ្វើតេស្ត និងតាមដានសុខភាពដូចគ្នាដែរ”
សម្ដេចក្រឡាហោមបន្តថា សម្រាប់ពេលនេះ សម្ដេចបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក និងធ្វើលំហាត់ប្រាណ។ យ៉ាងណា ក៏ដោយសម្ដេចនៅតែអាចបំពេញការងារពីបន្ទប់ដាច់ដោយឡែកក្នុងគេហដ្ឋានរបស់ជាធម្មតា។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រីស្ដីទីក៏ស្នើសុំការអធ្យាស្រ័យសម្រាប់ការលុបចោល និងការអវត្តមានពីកម្មវិធីការងារនានាមួយររយៈពេលខ្លី ហើយខ្ញុំនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីអំពីបញ្ហាសុខភាពនេះតាមវិធានសុខាភិបាលជូនជនរួមជាតិរហូតបានជាសះស្បើយ៕