ឧត្តមសេនីយ៍ទោ ឡោ សុខា ដឹកនាំលោកស្នងការរង លោកនាយ នាយរងការិយាល័យនិងមន្ត្រី ចំណុះស្នងការខេត្តមណ្ឌលគិរី ចូលរួមបុណ្យសព ឧត្តមសេនីយ៍ត្រី ចាន់ បូរ៉ា
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ កដឹកនាំលោកស្នងការរង លោកនាយ នាយរងការិយាល័យនិងមន្ត្រី ចំណុះស្នងការខេត្ត នាំយកនូវបច្ច័យជាថវិកាចំនួន ១០,០០០,០០០៛ (ដប់លានរៀល) ដើម្បីចូលរួមរំលែកទុក្ខបុណ្យសព លោកឧត្តមសេនីយ៍ត្រី ចាន់ បូរ៉ា អត្តលេខ ៥៥៩៥៣ ឋានៈស្នងការរងទទួលការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត ដែលលោកបានទទួលមរណៈភាព កាលពីវេលាម៉ោង១និង២០នាទី យប់ឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២៣ ដោយសារជំងឺស្ទះសរសៃឈាម (គាំងបេះដូង) ក្នុងដំណើរចុះបេសកកម្មទំនាក់ទំនងការងារ នៅខេត្តដាក់ណុង និង ខេត្តដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ សពត្រូវបានភាគីវៀតណាម ដឹកចេញតាមច្រកទ្វារអន្តរជាតិបាវិត ទៅប្រគល់ជូនដល់ក្រុមគ្រួសារនៃសពធ្វើបុណ្យទៅតាម ប្រពៃណីនៅក្រុងបាវិត ខេត្តស្វាយរៀង។
ស្ថិតក្នុងឱកាសដ៏សែនក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ទោស្នងការ បានមានប្រសាសន៍ ចូលរួមសោកស្ដាយជាទីបំផុតនៃការបាត់បង់នូវមន្រ្តីនគរបាលម្នាក់ដែលមានវីរ:ភាពអង្គអាចក្លាហានស្មោះត្រង់បំរើជាតិមាតុភូមិ និង មានស្នាដៃល្អនិងមានការប្រាស្រ័យទំនាក់ទំនងជាមួយក្រុមការងារបានល្អប្រសើរនិងមានសាមគ្គីភាពល្អ។
ទន្ទឹមគ្នានោះផងដែរ លោកឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរងទទួលផែនការងារធនធានមនុស្ស បានឡើងអានវិយោគកថាអំពីជីវប្រវត្តិរបស់ លោកឧត្តមសេនីយ៍ត្រី ចាន់ បូរ៉ា ស្នងការរងខេត្ត ដែលជានិច្ចជាកាលលោកតែងតែយកចិត្តទុកដាក់និងគិតគូរពីសុខទុក្ខមន្រ្តីនគរបាលនៅក្រោមឱវ៉ាទ និងបានកសាងស្នាដៃដ៏ល្អៗ ក្នុងអង្គភាពទុកឲ្យមនុស្សជំនាន់ក្រោយនិងបានបំពាក់ឋានរន្តស័ក្តិជាឧត្តមសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈ។
ជាចុងក្រោយក្រុមគ្រួសារនៃសពក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងសូមគោរពជូនពរដល់ លោកឧត្តមសេនីយ៍ទោស្នងការ និង លោកស្នងការរង និងលោក នាយ នាយរងការិយាល័យទាំងអស់ដែលមានវត្តមានផ្ទាល់ សូមឲ្យធ្វើដំណើរទៅណាមកណាប្រកបដោយសុខសុវត្ថិភាព និងជួបប្រទះនូវពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ៕