នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្ដីពីការរត់ពន្ធអាវុធ លើកទី៥ ដោយមានសមាសភាពចូលរួមពីតំណាងប្រទេសជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន ទីម័រខាងកើត និងអង្គការ GIZ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាអង្គររីស៊ត ខេត្តសៀមរាប។
កិច្ចប្រជុំនេះ បានពិភាក្សា និងផ្លាស់ប្តូរយោបល់ ព្រមទាំងចែករំលែកបច្ចុប្បន្នភាពអំពីនិន្នាការ នៃការរត់ពន្ធអាវុធនៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន។
កម្ពុជាក្នុងនាមជាប្រទេសដឹកនាំវិស័យ រត់ពន្ធអាវុធ បានផ្តួចផ្តើមរៀបចំសេចក្តីប្រកាសអាស៊ាន ស្តីពីការរត់ពន្ធអាវុធ ដើម្បីពិភាក្សា និងស្នើសុំធាតុចូលពីអង្គប្រជុំសំដៅក្លាយជាផ្នែកមួយនៃលិខិតតូបករណ៍ក្នុងក្របខណ្ឌអាស៊ាន ដើម្បីយកមកអនុវត្តក្នុងការប្រយុទ្ធប្រឆាំងការរត់ពន្ធអាវុធក្នុងតំបន់អាស៊ានទាំងមូល។
បន្ថែមពីនេះ អង្គការ GIZ ដែលជាដៃគូសហការរបស់ SOMTC-កម្ពុជា លើវិស័យរត់ពន្ធអាវុធ បានលើកឡើងអំពីសំណើគម្រោងជួយគាំទ្រអាស៊ានក្នុងការប្រយុទ្ធប្រឆាំងការរត់ពន្ធអាវុធដែលមានរយៈពេល ០៣ឆ្នាំ (២០២៣-២០២៦)។ GIZ បានលើកឡើងថា សំណើគម្រោងខាងលើ នឹងសម្រេចអនុវត្តក្នុងពេលឆាប់ខាងមុន៕