អភិបាលខេត្តកណ្ដាល ក្រើនរំលឹកលក្ខណៈសម្បត្ដិទាំង ៧ ចំណុចរបស់ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល នាល្ងាចថ្ងៃសៅរ៍ ៩រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងារអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព នៅទូទាំងខេត្តកណ្ដាល តាមប្រព័ន្ធ Zoom Meeting។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត មានប្រសាសន៍ថា សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាកត្តាគន្លឹះដែលផ្ដល់ភាព អនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត មានការរីកចម្រើនស្រប តាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទោះបីយើង មានសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំ ប៉ុន្តែសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ បញ្ហាសុខមាលភាពរបស់ប្រជា ពលរដ្ឋ និងការផ្តល់សេវាចាំបាច់នានា នៅតែជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឱ្យជនគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។
ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកលក្ខណៈសម្បត្ដិរបស់ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំង ៧ ចំណុចរួមមាន៖
១-ផ្ដល់សេវាសាធារណ: ជាពិសេសសេវារដ្ឋបាលសាធារណ:ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
៣-មានសណ្ដាប់ធ្នាប់សាធារណ:ល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង
៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និង
ប្រសិទ្ធភាព
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ
៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនិងរាល់ជំងឺឆ្លងរាតត្បាត ៕