អភិបាលរងខេត្តកណ្តាល ជម្រុញដល់គណបញ្ជាការឯកភាពក្រុង-ស្រុក អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានល្អប្រសើរដើម្បីឈានទៅរកភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព
ភ្នំពេញ៖ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងស្តាប់ការប្រឈមនានារបស់គណបញ្ជាការឯកភាពស្រុកកណ្ដាលស្ទឹង នៅសាលស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
មានប្រសាសន៍ក្នុងឱកាសពិធីសំណេះសំណាលនេះលោក ប្រាក់ សារ៉ាត បានជំរុញដល់អាជ្ញាធរក្រុង គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវបន្តខិតខំប្រឹងប្រែង សំដៅធ្វើយ៉ាងណាឲ្យស្រុកកណ្ដាលស្ទឹងប្រែមុខប្រែមាត់ជាបណ្តើរៗត្រូវតែបង្ក្រាបទប់ស្កាត់ និងអនុវត្តទៅតាមវិធានការច្បាប់ឲ្យបានម៉ឹងម៉ាត់ ដើម្បីថែរក្សាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋកក្នុងមូលដ្ឋានអោយបានល្អប្រសើរ។
លោកអភិបាលរងខេត្ត ក៏បានផ្តល់នូវអនុសាសន៍មួយចំនួន សម្រាប់យកទៅអនុវត្តនោះ គឺមិនឲ្យមានបទល្មើសដូចជាចោរកម្ម គ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងបន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ ចូលរួមថែរក្សាហេដ្ឋារចនាស័ម្ពន្ធ និងសមិទ្ធផលនានានៅក្នុងមូលដ្ឋាន។
លោកអភិបាលរងខេត្ត ក៏បានកោតសរសើរដល់គណៈបញ្ជាការឯកភាពក្រុង ដែលបានខិតខំបំពេញការងារសម្រេចបានលទ្ធផលល្អប្រសើរ និងត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារដែលនៅសេសសល់អោយបានកាន់តែល្អថែមទៀត ដោយចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរាល់បទល្មើសទាំងឡាយ ជាពិសេសបទល្មើសឆ្លងដែនគ្រប់ប្រភេទក្នុងទឹកដីក្រុងសំពៅពូន ។
ក្នុងនោះដែរ លោកអភិបាលរងខេត្ត ក៏បានជម្រុញដល់គណបញ្ជាការឯកភាពក្រុង-ស្រុក អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានល្អប្រសើរដើម្បីឈានទៅរកភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព ហើយក្នុងនោះផងដែរក៏បានផ្តាំផ្ញើដល់មន្ត្រីទាំងអស់ ធ្វើការដោយសហការគ្នាឱ្យបានរលូន ដែលមានការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋ។
លោកអភិបាលរងខេត្ត បន្តថាគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយទុក្ខលំបាក ប្រកបដោយភាពវិជ្ជមាន និងក្តីកង្វល់ផ្សេងៗ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងលើកកម្ពស់បន្ថែមទៀតនូវការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានារក្សាបាននូវសន្តិសុខសង្គម ស្ថិរភាពនយោបាយ និងនិរន្តរភាព ឱ្យបានល្អប្រសើរ និងជម្រុញ ដល់មន្ត្រីទាំងអស់ បន្តសហការ និងកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រើសើរ ដើម្បីធានាដល់សុខសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ត្រូវជៀសឱ្យបានដាច់ខាតក្នុងការនៅពីក្រោយល្បែងស៊ីសង និងបទល្មើសនានាក្នុងមូលដ្ឋានហើយក្នុងករណីដែលគណៈបញ្ជាការឯកភាពខេត្តរកឃើញមានមន្ត្រីណាម្នាក់នៅពីក្រោយល្បែងស៊ីសង ឬបទល្មើសនានា នោះមន្ត្រីម្នាក់នោះនឹងប្រឈម និងការដាក់តាមច្បាប់ជាធរមាន ៕