អភិបាលខេត្តកណ្ដាល៖ និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ត្រូវផ្អែកលើគោលការណ៍ចំនួន ៤ សំខាន់ៗ
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ: អភិបាលខេត្តកណ្តាល នារសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងនិមិត្តសញ្ញារដ្ឋបាលក្រុង-ស្រុក នៅទូទាំងខេត្ត។
ដំណើរការសិក្សារៀបចំ និងកំណត់និមិត្តសញ្ញារបស់ខ្លួន រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ត្រូវផ្អែកលើគោលការណ៍សំខាន់ៗដូចខាងក្រោម៖
-ត្រូវសិក្សាស្រាវជ្រាវអំពីប្រវត្តិនៃការកកើតក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ អត្តសញ្ញាណ ជាប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី ការអភិវឌ្ឍ និងកត្តាសំខាន់ដទៃផ្សេងទៀត ដែលជា លក្ខណៈពិសេសនៃរដ្ឋបាលនីមួយៗ។ ក្នុងការសិក្សាស្រាវជ្រាវកំណត់និមិត្តសញ្ញានេះ ក្រុមការងារតាមថ្នាក់រដ្ឋបាលនីមួយៗ អាចធ្វើការពិគ្រោះយោបល់ជាមួយអ្នកប្រវត្តិសាស្ត្រ គ្រូបង្រៀន ព្រះសង្ឃ និងចាស់ព្រឹទ្ធាចារ្យនៅមូលដ្ឋានរបស់ខ្លួន។
-និមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ត្រូវមានការបកស្រាយឱ្យបានច្បាស់លាស់អំពីអត្ថន័យនៃរូបភាព ឬសញ្ញានីមួយៗ ឬពណ៍ដែលបានរចនាឡើង នៅក្នុងនិមិត្តសញ្ញានោះ ដូចទម្រង់ដែលបានជូនភ្ជាប់មកជាមួយ។
-ក្រុមការងារសិក្សារៀបចំ និងកំណត់និមិត្តសញ្ញាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់នីមួយៗ ត្រូវ ដាក់ជូនក្រុមប្រឹក្សានៃថ្នាក់រដ្ឋបាលរបស់ខ្លួន ដើម្បីពិនិត្យ និងផ្តល់យោបល់ទៅលើនិមិត្តសញ្ញាដែលបានសិក្សាស្រាវជ្រាវរួច។
-ចំពោះនិមិត្តសញ្ញារបស់រដ្ឋបាលឃុំ សង្កាត់ដែលបានរៀបចំរួចហើយ ត្រូវផ្ញើជូនមករដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីជួយពិនិត្យ និងផ្តល់យោបល់។ ប្រសិនបើរដ្ឋបាលក្រុង ស្រុក ខណ្ឌ ពិនិត្យឃើញថា និមិត្តសញ្ញារបស់រដ្ឋបាលឃុំ សង្កាត់ទាំងនោះមានអត្ថន័យគ្រប់គ្រាន់ សមស្របតាមស្ថានភាពជាក់ស្តែងនៃរដ្ឋបាលឃុំ សង្កាត់នីមួយៗ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបញ្ចូនមករដ្ឋបាលរាជធានី ខេត្តសាមី រួមទាំងនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ របស់ខ្លួនផងដែរ។ ករណីពិនិត្យឃើញថា និមិត្តសញ្ញាទាំងនោះមិនមានអត្ថន័យខ្លឹមសារ គ្រប់គ្រាន់ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ ឱ្យធ្វើការកែសម្រួល ឡើងវិញឱ្យបានសមស្រប ៕