រដ្ឋបាលខេត្តឧត្ដរមានជ័យ ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ គម្រប់ព្រះជន្ម ៧០ យាងចូល ៧១ ព្រះវស្សា
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧០ យាងចូល ៧១ ព្រះវស្សា។
ស្ថិតក្នុងឱកាសនោះឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានអានសារលិខិតថ្វាយព្រះពរ ដូចខាងក្រោមនេះ៖
ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាត តាងនាមជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ប្រជានុរាស្ត្រទូទាំងខេត្តឧត្តរមានជ័យ និងក្នុងនាមទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារ សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយនូវព្រះរាជសព្ទសាធុការពរ ថ្វាយព្រះពរជ័យ សូមព្រះអង្គទ្រង់មានព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំដល់ ប្រជានុរាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ និងសូមព្រះបរមរាជានុញ្ញាតសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ និង ព្រះមហាករុណាទិគុណដ៏ថ្លៃថ្លាចំពោះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដល់ព្រះអង្គទ្រង់បានបំពេញ ព្រះរាជកិច្ចប្រកបដោយទសពិតរាជធម៌ ព្រះគតិបណ្ឌិតវៀងវៃ ព្រះព្រហ្មវិហារធម៌ ដ៏ឧត្តុង្គឧត្ដមធ្វើឲ្យប្រទេស ជាតិក្លាយជានីតិរដ្ឋ ប្រជានុរាស្ត្របានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ។
សូមឆ្លៀតក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំ សូមធ្វើអភិវន្ទន៍កិច្ចថ្វាយព្រះពរបវរ មហាប្រសើរ និងសូមលើកហត្ថទាំងទ្វេប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រមទាំងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ពិសេសទេវតាឆ្នាំថ្មី ព្រះនាង កិមិរាទេវី ប្រោះព្រំព្រះរាជសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការថ្វាយ ព្រះករុណាព្រះបាទសម្ដេច ព្រះបរបនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនាដល់ប្រជានុរាស្ត្រខ្មែរ ជាកូន ជាចៅ ចៅទួតតរៀងទៅ ។
សូមព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ព្រះមេត្តាប្រោសទទួលនូវគារវភក្ដីភាព ដ៏ស្មោះស្ម័គ្រ និងអភិវន្ទន៍កិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ។ សេចក្តីគួរពុំគួរ សូមទ្រង់ព្រះមេត្តាប្រោស ៕