ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ០៨គ្រួសារ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលខេត្ត នាព្រឹកថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ០៨គ្រួសារ ស្មើនឹងទឹកប្រាក់ចំនួន ៣៦,០០០,០០០៛(សាមសិបប្រាំមួយលានរៀល) ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ លោកវរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ និងក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្ត។
ថវិកាដែលត្រូវប្រគល់ជូនគ្រួសារសពទាំងប្រាំបីគ្រួសារ មានឈ្មោះដូចខាងក្រោម៖
-គ្រួសារទី១៖ ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី គឹម ស៊ី ត្រូវជាភរិយាសព លោក អនុសេនីយ៍ឯក មាស ផាន់ស៊ីដា មន្រ្តីនគរបាលការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្ត មរណៈភាពកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
-គ្រួសារទី២៖ ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី សួស គឹមលី ត្រូវជាភរិយាសព លោក ប្រាក់ ថានី អតីតមន្រ្តីនគរបាលជាតិចូលនិវត្តន៍ បានមរណៈភាពកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
-គ្រួសារទី៣- ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី យ៉ែម គង់ ត្រូវជាភរិយាសព លោកអនុសេនីយ៍ឯក ស៊ឹម ភឿង មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង នៃអធិការដ្ឋាននគរបាលស្រុកសំរោង ខេត្តតាកែវ មរណៈភាពកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ)ស្ថិតនៅភូមិតាលាក់ខាងត្បូង ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។
-គ្រួសារទី៤៖ ទទួលថវិកាចំនួន ៦,០០០,០០០៛(ប្រាំមួយលានរៀល) ជូនដល់លោកស្រី យុន ឡន ត្រូវជាភរិយាសព លោកអនុសេនីយ៍ឯក ប៊ុត ប៊ី នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រាំកក់ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ មរណៈភាពកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិគល់គម ឃុំត្រាំកក់ ខេត្តតាកែវ។
-គ្រួសារទី៥៖ ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី ជ្រិញ គឹមស្រ៊ី ត្រូវជាភរិយាសព លោកអនុសេនីយ៍ឯក ខៀវ វន្នី អតីតមន្រ្តីនគរបាលចូលនិវត្ត មរណៈកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ) ស្ថិតនៅពោធិ៍រោង ឃុំព្រះបាទជាន់ជុំស្រុក គិរីវង់ ខេត្តតាកែវ។
-គ្រួសារទី៦៖ ទទួលថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល) ប្រគល់ជូនដល់លោក អ៊ូច សាគុណ អតីតមន្រ្តីចូលនិវត្តន៍ ត្រូវជាភរិយាសព លោកស្រី ឃុន សារុំ មរណៈភាពកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដោយជំងឺ(រោគាពាធ)ស្ថិតនៅភូមិដូនទួត ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។
-គ្រួសារទី៧៖ ទទួលថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល) ប្រគល់ជូនដល់លោកវរសេនីយ៍ត្រី ឈុន សំអឿន នាយផ្នែកព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលក្រុងដូនកែវ ត្រូវជាភរិយាសព លោកស្រី គាំ កូលាប មរណៈភាពកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិត្រពាំសាលា ក្រុងដូនកែវ ខេត្តតាកែវ។
-គ្រួសារទី៨៖ ទទួលថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល) ជូនដល់លោកអនុសេនីយ៍ឯក ប្រាក់ អឿន នាយរងផ្នែក អធិការដ្ឋាននគរបាលស្រុកគិរីវង់ ខេត្តតាកែវ ត្រូវជាភរិយាសព លោកស្រី មាស ណាវី មរណៈភាពកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិសោម ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានសំដែងនូវមនោសញ្ជេតនា ការអាឡោះអាល័យ សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី ភរិយា ឪពុក ម្តាយ ដ៏ល្អដែលបានបម្រើប្រទេសជាតិ មាតុភូមិកន្លងមកមានស្នាដៃ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ ៕