ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត និងស្ពានតភា្ជប់ គ្រោងរៀបចំពិធីបើកការដ្ឋានគម្រោងសាងសង់ ក្នុងពេលឆាប់ៗនេះ
ភ្នំពេញ៖ ឯកឧត្តមរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំ កិច្ចប្រជុំក្រុមការងារត្រៀមរៀបចំពិធីបើកការដ្ឋានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញទៅក្រុងបាវិត និងស្ពានតភា្ជប់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញ បច្ចេកទេសរបស់ក្រសួងជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបែងចែកតួនាទី និងភារកិច្ចជូនដល់សមាជិក សមាជិកាក្រុមការងារសម្រាប់ត្រៀមរៀបចំកម្មវិធីប្រកាសបើកការដ្ឋាននៃគម្រោងខាងលើ ដើម្បីឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធី អាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយ សុវត្ថិភាព និងប្រសិទ្ធភាពការងារទៅតាមបំណែងចែកការងារ។
ឯកឧត្តមរដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានណែនាំសមាជិកសមាជិកាក្រុមការងារទាំងអស់ឱ្យទទួលខុសត្រូវលើភារកិច្ច ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដែលបានកំណត់ឱ្យអស់ពីសមត្ថភាព និង លទ្ធភាព សំដៅត្រៀមរៀបចំពិធីប្រកាសបើកការដ្ឋានគម្រោងនេះអាចសម្រេចទៅបានប្រកបដោយ ជោគជ័យតាមការគ្រោងទុក៕