ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ជំរុញដល់ការិយាល័យប្រជាពលរដ្ឋខេត្ត ត្រូវខិតខំដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ តាមរយៈពាក្យបណ្ដឹង
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤៨ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត។
កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំង៣ និងមន្ទីរអង្គភាពជុំវិញខេត្ត។
ថ្លែងថាក្នុងកិច្ចប្រជុំ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់ការិយាល័យប្រជាពលរដ្ឋខេត្ត ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ តាមរយៈពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ដែលបានប្ដឹងតាមប្រអប់សំបុត្ររបស់ការិយាល័យប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្ដាល ដែលពាក្យបណ្ដឹងទាំងនោះភាគច្រើនផ្ដោតទៅលើការផ្ដល់សេវាសាធារណៈ របស់អាជ្ញាធរមូលដ្ឋាន។
ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជុំវិញខេត្ត ដែលបានខិតខំក្នុងការបំពេញនូវតួនាទី ភារកិច្ចរបស់ខ្លួននាពេលកន្លងមកបានយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនោះកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដសប់ថ្នាក់បានខិតខំការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយបានយ៉ាងល្អប្រសើរនៅទូទាំងខេត្ត។
សូមបញ្ជាក់ផងដែរថាតាមរបាយការណ៍ ខែមេសា ឆ្នាំ២០២៣ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកណ្ដាល ការិយាល័យប្រជាពលរដ្ឋ បានទទួលពាក្យបណ្តឹង និងព័ត៌មានផ្សេងៗចំនួន ១៩ករណី។ បានសម្រុះសម្រួលដោះស្រាយបញ្ចប់ ចំនួន ៩ករណី និងបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ចចំនួន ៣ករណី និងការផ្ដល់ព័ត៌មានត្រឡប់តាមរយៈសារអេឡិចត្រូនិកចំនួន ៩ករណី ៕