ក្រសួងការងារ សហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) រៀបចំសិក្ខាសាលាស្តីពីការពិនិត្យលទ្ធផលនៃការសិក្សាលើការពង្រឹងការណែនាំតម្រង់ទិសពលករមុនពេលចេញដំណើរទៅធ្វើការនៅប្រទេសថៃ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានសហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) រៀបចំសិក្ខាសាលាស្តីពីការពិនិត្យលទ្ធផលនៃការសិក្សាលើការពង្រឹងការណែនាំតម្រង់ទិសពលករមុនពេលចេញដំណើរទៅធ្វើការនៅប្រទេសថៃ។
សិក្ខាសាលានេះ មានគោលបំណងបង្ហាញជូននូវលទ្ធផលនៃការសិក្សាស្តីពីការពង្រឹងការណែនាំតម្រង់ទិស ពលករមុនពេលចេញដំណើរទៅធ្វើការនៅប្រទេសថៃ និងពិនិត្យពិភាក្សាផ្តល់ធាតុចូល ឬអនុសាសន៍ពីដៃគូរពាក់ព័ន្ធលើសេចក្តីព្រាងនៃការសិក្សានេះ។
សិក្ខាសាលានេះត្រូវបានអញ្ជើញជាអធិបតីបើកដោយ ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ និងជាសហប្រធានគណៈកម្មការប្រឹក្សាយោបល់សម្រាប់ប្រទេសកម្ពុជា ក្នុងការអនុវត្តកម្មវិធីកាត់បន្ថយភាពក្រីក្រតាមរយៈការធ្វើទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព ការអភិវឌ្ឍន៍ជំនាញ និងការលើកកម្ពស់សេវារកការងារឱ្យធ្វើនៅប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងប្រទេសថៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម មូល ធន អភិបាលរងខេត្តបាត់ដំបង និងលោក Maximillian Potter ប្រធានកម្មវិធីថ្នាក់តំបន់ នៃអង្គការ IOM ប្រចាំទីក្រុងបាងកក ប្រទេសថៃ។ សមាសភាពអញ្ជើញចូលរួមសិក្ខាសាលានេះ មាន ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល តំណាង CAMFEBA តំណាងសមាគម ACRA និង MAC ទីភ្នាក់ងារជ្រើសរើសឯកជន តំណាងសហជីពកម្មករនិយោជិត អង្គការសង្គមស៊ីវិល និងអង្គការអន្តរជាតិ សរុបប្រមាណចំនួន៦០នាក់ ៕