CAMSOC សូមការអភ័យទោស ចំពោះអ្នកបម្រើការស៊ីហ្គេម និងពលរដ្ឋ ជុំវិញការផ្ដល់បណ្ណចូលទស្សនាពិធីបិទ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សូមការអភ័យទោស ចំពោះក្រុមការងារពាក់ព័ន្ធជួយគណៈកម្មាធិការជាតិ CAMSOC និងរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ក៏ដូចជាប្រជាពលរដ្ឋទាំអស់ ជុំវិញការផ្ដល់បណ្ណចូលទស្សនាពិធីបិទការប្រកួតជាផ្លូវការ នាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ ដោយសារចំនួនកៅអីមានកំណត់ ពុំអាចផ្ដល់ជូនបានគ្រប់ៗគ្នា ។
មន្ដ្រីជាន់ខ្ពស់ CAMSOC បញ្ជាក់ថា ដោយសារកៅអីក្នុងវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ មានកំណត់ ហើយការរៀបចំពិធីបិទជាផ្លូវការ ផ្អែកទៅលើសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ ដូច្នេះគណៈកម្មាធិការជាតិ CAMSOC សូមការយោគយល់អធ្យាស្រ័យ ដូចខាងក្រោម៖
ទី១- គណៈកម្មាធិការជាតិ CAMSOC សូមឲ្យអ្នកមិនមានសំបុត្រ អញ្ជើញមកលេងកម្សាន្ដ ក៏ដូចជាទស្សនាការផ្សាយបន្ដផ្ទាល់លើស្លាយ(LED) នៅបរិវេណខាងក្រៅ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ
ទី២- សូមអភ័យទោស ចំពោះភាគីពាក់ព័ន្ធ ក៏ដូចជាអ្នកស្ម័គ្រចិត្ត និងអ្នកបម្រើការទាំងអស់ ដែលជួយបម្រើសេវាគ្រប់បែបយ៉ាង កំឡុងដំណើរការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដោយសារគណៈកម្មការបានកំណត់ចំនួនចូលរួម មិនអាចផ្ដល់ជូនបានទាំងអស់គ្នា ។ តាមរយៈនេះ គណៈកម្មាធិការជាតិ CAMSOC បានសូមការអភ័យទោស និងយោគយល់ ចំពោះការពុំបានផ្ដល់ជូនគ្រប់ៗគ្នា ។
សម្រាប់ពិធិបិទផ្លូវការ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាល្ងាចថ្ងៃទី១៧ ខែឧសភានេះ នឹងប្រារព្ធរៀបចំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ៕