ក្រសួងបរិស្ថាន សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ GIZ រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការត្រួតពិនិត្យ អង្កេតតាមដាន និងទប់ស្កាត់ភ្លើងឆេះព្រៃ និងផ្សែងអ័ព្ទឆ្លងដែននៅក្នុងតំបន់ការពារធម្មជាតិ
ភ្នំពេញ៖ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ GIZ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការត្រួតពិនិត្យ អង្កេតតាមដាន និងទប់ស្កាត់ភ្លើងឆេះព្រៃ និងផ្សែងអ័ព្ទឆ្លងដែននៅក្នុងតំបន់ការពារធម្មជាតិ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប ។
សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយអំពីបញ្ហាភ្លើងឆេះព្រៃ និងផ្សែអ័ព្ទឆ្លងដែនក្នុងអនុតំបន់មេគង្គ ក៏ដូចជាក្នុងតំបន់អាស៊ាន និងពង្រឹងសមត្ថភាពអ្នកពាក់ព័ន្ធនៅមូលដ្ឋាន ជាពិសេសមន្ត្រីឧទ្យានុរក្សក្នុងការត្រួតពិនិត្យ អង្កេតតាមដាន ទប់ស្កាត់ ក៏ដូចជាឆ្លើយតបនឹងបញ្ហាភ្លើងឆេះព្រៃ និងតំបន់ដីមមោក ដែលកើតមាននៅក្នុងតំបន់ការពារធម្មជាតិយើង។
សិក្ខាសាលានេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃ១៨ ដល់ ១៩ ខែឧសភា ឆ្នាំ២០២៣ និងដឹកនាំដោយ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន តំណាងនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ តំណាងសាលាខេត្តសៀមរាប តំណាងមន្ទីរបរិស្ថាន និងមន្ត្រីឧទ្យានុរក្សមកពីខេត្តសៀមរាប បាត់ដំបង ស្ទឹងត្រែង និងព្រះវិហារ គ្រូបង្គោលបណ្តុះបណ្តលមកពីមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវកសិកម្មនិងបរិស្ថាន នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងបណ្តាអង្គការដៃគូដូចជាWCS Wildlife Alliance និងWild Earth Allies សរុបចំនួន ៧០នាក់៕