សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភថវិកា ៣០០០ដុល្លារ ដល់យុវជនស្ម័គ្រចិត្តស៉ីហ្គេម ផុន រ៉ាស៉ី ដែលបាត់ម៉ូតូ ដើម្បីទិញម៉ូតូមកប្រើប្រាស់វិញ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឧបត្ថម្ភថវិកាចំនួន ៣០០០ដុល្លារអាមេរិក ជួយដល់យុវជនស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ស៉ីហ្គេម កញ្ញា ផុន រ៉ាស៉ី ដែលបានបាត់ម៉ូតូ ដើម្បីឲ្យរូបគេអាចទិញម៉ូតូសម្រាប់ប្រើប្រាស់វិញ។
តាមរយៈបណ្តាញ Telegram ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ល្ងាចនេះ (ថ្ងៃទី១៩ ឧសភា) តាបានឃើញតាមបណ្តាញសង្គមអំពីចៅស្រី ផុន រ៉ាស៉ី ដែលជាយុវជនស្ម័គ្រចិត្តមកចូលរួមជួយបម្រើ ដល់ការប្រកួតស៉ីហ្គេមហើយបាត់ម៉ូតូ។ តាសុំជួយ 3,000$ សម្រាប់ទិញម៉ូតូមកប្រើប្រាស់វិញ។ សូមចៅទាក់ទងជាមួយលោក សេង ទៀង តាមទូរសព្វ័លេខ ០១២៩៦១៩៧១ដើម្បីទទួលយកថវិកា»។
សូមបញ្ជាក់ថា កញ្ញា ផុត រ៉ាស៉ី បានបង្ហោះលើ Facebook របស់គេអំពីការបាត់ម៉ូតូ១គ្រឿង ម៉ាកហុង Dream C125 ពណ៌ខ្មៅ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ នាងជាយុវជនស្ម័គ្រចិត្តនៅលើទីលាន AZ Group Cricket Oval «ផ្លូវ៦០ម៉ែត្រ»៕