រាជរដ្ឋាភិបាល អំពាវនាវឲ្យពលរដ្ឋ គ្រប់និន្នាការនយោបាយ រក្សាភាពនឹងនរ ស្ងប់ស្ងាត់ ថែរក្សានូវសុខសន្តិភាព ដែលកម្ពុជារកបានដោយលំបាក កុំជឿតាមការញុះញង់របស់បក្សភ្លើងទៀន
ភ្នំពេញ៖ រាជរដ្ឋាភិបាលបានធ្វើការអំពាវនាវសុំឱ្យប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ រក្សានូវ ភាពនឹងនរ ស្ងប់ស្ងាត់ ថែរក្សានូវសុខសន្តិភាព ដែលកម្ពុជារកបានដោយលំបាក ហើយសូមកុំជឿតាមការអំពាវនាវ ញុះញង់របស់គណបក្សភ្លើងទៀន ។
ការអំពាវនាវរបស់រាជរដ្ឋាភិបាល បានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ។
រាជរដ្ឋាភិបាលបានធ្វើការអំពាវនាវសុំឱ្យប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ រក្សានូវ ភាពនឹងនរ ស្ងប់ស្ងាត់ ថែរក្សានូវសុខសន្តិភាពដែលកម្ពុជារកបានដោយលំបាក ហើយសូមកុំចូលរួមតាមការអំពាវនាវញុះញង់របស់គណបក្សភ្លើងទៀន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ដែលបានប្រកាសប្រមូលផ្ដុំថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្សខ្លួន នៅទូទាំងប្រទេស ដើម្បីតស៊ូមតិលើករណីដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធមិនចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ ព្រោះនេះគឺជាទង្វើដ៏ល្ងង់ខ្លៅនិងគ្មានការទទួលខុសត្រូវ របស់មេដឹកនាំគណបក្សភ្លើងទៀន ដែលជាផែនការបង្កប់នូវចេតនាទុច្ចរិតបង្កើតឧបសគ្គរារាំង ដល់ការបោះឆ្នោត ដោយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល និងព្យាយាមបង្កើតស្ថានភាពចលាចល និងអស្ថិរភាពក្នុងសង្គម ពិសេស ក្នុងខណៈដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ៕