ឯកឧត្តម អ៊ួង សុភារិន្ទ អញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី “ថវិកាសមិទ្ធកម្ម” ជូនដល់ថ្នាក់ដឹកនាំអង្គភាពថវិកា និងមន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុក្នុងវិស័យយុត្តិធម៌ ក្នុងក្របខណ្ឌនៃកម្មវិធីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យយុត្តិធម៌
ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អ៊ួង សុភារិន្ទ អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ថវិកាសមិទ្ធកម្ម” ជូនដល់ថ្នាក់ដឹកនាំអង្គភាពថវិកា និងមន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុក្នុងវិស័យយុត្តិធម៌ ដែលរួមមានអង្គភាពថវិកាចំណុះទីស្តីការក្រសួងយុត្តិធម៌ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ដែលវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡេីងដោយមានការសហការរវាងក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌកម្មវិធីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យយុត្តិធម៌។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើង រយៈពេល ២ ថ្ងៃ នៅថ្ងៃទី១៨-១៩ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហ្គាដិន ស៊ីធី។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្សព្វផ្សាយ ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការអនុវត្តថវិកា សំដៅពង្រឹងសមត្ថភាពថ្នាក់ដឹកនាំអង្គភាពថវិកា និងមន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ ដេីម្បីបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃអនុវត្តថវិកាក្នុងវិស័យយុត្តិធម៌ របស់អង្គភាពថវិកាចំណុះទីស្តីការក្រសួងយុត្តិធម៌ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ជាចុងក្រោយ ឯកឧត្តម អ៊ួង សុភារិន្ទ អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ បានលេីកទឹកចិត្ត និងផ្តល់អនុសាសន៍ណែនាំដល់អង្គភាពថវិកាក្នុងវិស័យយុត្តិធម៌ ដូចខាងក្រោម៖
-អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងអង្គភាពថវិកា ត្រូវយកលទ្ធផលនៃកិច្ចពិភាក្សាក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីជាធាតុចូល សម្រាប់រៀបចំគម្រោងថវិកា ឆ្នាំ២០២៤
-អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងអង្គភាពថវិកា ត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ ប្រកបដោយស្មារតីបុរេសកម្ម សម្រាប់ទទួលយកការពង្រឹង និងពង្រីកសិទ្ធិអំណាច និងការទទួលខុសត្រូវ ជាបន្តបន្ទាប់ទៀត ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
-បង្កើនការរៀបចំឱ្យបានច្រើននូវវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទទួលបន្ទុកហិរញ្ញវត្ថុរបស់អង្គភាពថវិកា៕