សម្តេច ស ខេង៖ ក្រុមប្រឆាំងជ្រុលនិយមមួយចំនួននៅតែបន្តប៉ុនប៉ងបង្កឱ្យមានភាពចលាចលក្នុងសង្គមដើម្បីឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមនត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង បានមានប្រសាសន៍ថា ទន្ទឹមនឹងការវិវត្តប្រែប្រួលស្មុគស្មាញនៃសភាពការណ៍តំបន់ និងអន្តរជាតិនោះ នៅកម្ពុជា ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួននៅតែបន្តរិះរកគ្រប់វិធីប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គមដើម្បីឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងប្រើប្រាស់គ្រប់ល្បិចកលដើម្បីរារាំងដល់ដំណើរការ នៃការអភិវឌ្ឍសង្គមជាតិ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងរតនមណ្ឌល ខេត្តបាត់ដំបង នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។
សម្ដេចក្រឡាហោម មានប្រសាសន៍បន្តថា យ៉ាងណាក៏ដោយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងវិធានការនានាដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពី មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងនោះរួមទាំងក្នុងស្រុករតនមណ្ឌលផងដែរ ៕