ឯកឧត្ដម ហ៊ុន ម៉ាណែត គោរពថ្លែងអំណរគុណ និងសម្តែងនូវកតញ្ញូតាធម៌ចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងយកចិត្តទុកដាក់ជាប្រចាំអំពីសុខទុក្ខ និងសុខុមាលភាពរបស់អតីតយុទ្ធជន
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានគោរពថ្លែងអំណរគុណ និងសម្តែងនូវកតញ្ញូតាធម៌ចំពោះ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងយកចិត្តទុកដាក់ជាប្រចាំអំពីសុខទុក្ខ និងសុខុមាលភាពរបស់អតីតយុទ្ធជន យោធិនពិការ និងក្រុមគ្រួសារយោធិនពលី-មរណៈ តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី, ថវិកា, និងសម្ភារ រួមទាំងការដោះស្រាយរាល់ការលំបាកផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជន ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ ដែលបានចាប់ផ្តើមចេញពីចំណុចសូន្យរហូតទទួលបានសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍ ដូចពេលបច្ចុប្បន្ន។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតមានប្រសាសន៍បែបនេះ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ផ្ទះជូនអតីតយុទ្ធជន, យោធិនពិការ និងក្រុមគ្រួសារយោធិនពលី-មរណៈ នៅតំបន់សម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
មានប្រសាសន៍នាឱកាសនោះ ដែរឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការជួបជុំថ្ងៃនេះ គឺជាឱកាសប្រកបដោយអត្ថន័យ និងមនោសញ្ចេតនាបំផុត ដែលបានជួបសំណេះសំណាលផ្ទាល់ជាមួយអ៊ំពូមីងអតីតយុទ្ធជន និងយោធិនពិការ ដែលជាវីរយុទ្ធជនដ៏គួរឱ្យគោរព ព្រមជាមួយនឹងការចូលរួមអបអរសាទរចំពោះការទទួលបាននូវការបំពាក់គ្រឿងឥស្សរិយយស និងផ្ទះសម្បែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយទាំងអស់នេះ គឺពិតជាស័ក្តិសមទៅនឹងពលិកម្មគ្រប់បែបយ៉ាង, គុណបំណាច់ និងស្នាដៃរបស់អតីតយុទ្ធជន និងយោធិនពិការ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិប្រកបដោយទឹកចិត្តស្នេហាជាតិ ដើម្បីប្តូរយកសន្តិភាព និងភាពសុខសាន្ត ជូនប្រជាជន៕