ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមពិធីបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជា ដែលអញ្ជើញមកពីក្រុង-ស្រុកចំនួន៤ ក្នុងខេត្តកណ្តាល
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តខេត្តកណ្តាល នាព្រឹកថ្ងៃអាទិត្យ ២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជា ដែលអញ្ជើញមកពីក្រុង-ស្រុកចំនួន៤ ក្នុងខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ROTA។
ពិធីបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជននាឱកាសនេះ បានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ គណៈអធិបតី លោក លោកស្រី សមាជិក សមាជិកា អង្គពិធី សរុបចំនួន ១,៩៣៥នាក់ ក្នុងនោះលោក លោកស្រី ជាអតីតយុទ្ធជនមកពីក្រុង ស្រុក ចំនួន០៤ រួមមាន៖ ក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ ចំនួន ១,៥៣១នាក់ និងអ្នកត្រូវបំពាក់មេដាយចំនួន ១,៣០៣នាក់។
ពិធីជួបជុំសំណេះសំណាល និងបំពាក់មេដាយជូនដល់អតីតយុទ្ធជននាឱកាសនេះ គឺដើម្បីសម្តែងនូវការគោរពដឹងគុណ ចំពោះបងប្អូនអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល នូវគំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ ដែលបានពលិកម្មយ៉ាងអង្គអាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តនូវគោលនយោបាយនានា ចាប់តាំងពីអាណត្តិទី៥ នៃរដ្ឋសភា ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនឱ្យបានល្អប្រសើរជាបន្តបន្ទាប់។ ដោយបានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានសមាគមអតីយុទ្ធជនកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន បានជួយការគាំពារ ជម្រុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល កៀរគរ និងលើកទឹកចិត្តដល់បងប្អូនអតីតយុទ្ធជន ដូចជាការផ្តល់ប្រាក់របបសន្តិសុខសង្គមប្រចាំខែ (ប.ស.ស) ជូននិវន្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ មួយវិញទៀត រាជដ្ឋាភិបាលបាន ផ្តល់សម្បទានដីសង្គមកិច្ច និងការកសាងផ្ទះ ជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ផងដែរ។
យើងខ្ញុំទាំអស់គ្នា សូមធ្វើការប្តេជ្ញាអោយខាងតែបាន ទៅបោះឆ្នោតគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងអាណត្តិក្រោយៗទៀត និងបន្តគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ៕