លោកជំទាវ ជូ ប៊ុនអេង ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យកម្លាំងរួមវេនទី១ ស្តីពីការពង្រឹង បែបបទ និងវឌ្ឍនភាពការងារ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ
ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ នាព្រឹកថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំ ការត្រួតពិនិត្យកម្លាំងរួមវេនទី១ ស្តីពីការពង្រឹង បែបបទ និងវឌ្ឍនភាពការងារ រ របស់អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង ប្រធានលេខាធិការដ្ឋាន ប្រធាននៃក្រុមជំនួយកិច្ចការ ទាំង៦ ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីពាក់ព័ន្ធ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ។
ក្រោយពីស្តាប់ ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង និងលោកនាយការិយាល័យរដ្ឋបាល បានរាយការណ៍ ពីស្ថានភាព និងវត្តមានរបស់មន្រ្តីក្រោមឱវាទ ជូនដល់លោកជំទាវ អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ រួចមក លោកជំទាវ អនុប្រធានអចិន្រ្តៃយ៍ បានគូសបញ្ជាក់ និងដាក់ចុះនៅផែនការ ក្នុងការអនុវត្តការងារ សម្រាប់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ នាពេលខាងមុខមានដូចតទៅ ៖
-ពង្រឹងកម្លាំងតាមការិយាល័យ និងមន្រ្តីតាមក្រុមជំនួយកិច្ចការនីមួយៗ ធ្វើការសរុបលទ្ធផល សកម្មភាពការងារ រាយការណ៍ជូន ប្រធានលេខាធិការដ្ឋាន និងប្រធានក្រុមជំនួយកិច្ចការ អគ្គរងទទួលបន្ទុក
-ក្រុមជំនួយកិច្ចការទាំង៦នីមួយៗ ត្រូវពង្រឹងនៅការសម្របសម្រួល ជាមួយអន្តរក្រសួងពាក់ព័ន្ធ ក្នុងការប្រមូលទិន្នន័យ និងរបាយការណ៍លទ្ធផលសកម្មភាព ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឲ្យបានជាប្រចាំ
-ក្រុមនីមួយៗ ដកស្រង់វឌ្ឍនភាពស្តីពីសមិទ្ធផល ការងាររបស់ក្រុមជំនួយកិច្ចការទាំង6 នឹងធ្វើសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំ
-ថ្នាក់ដឹកនាំលេខាធិការដ្ឋាន និងក្រុមជំនួយកិច្ចការទាំង៦ ត្រៀមផែនការ និងសកម្មភាពសម្រាប់ ទិវាជាតិអន្តរសាសនា និង១២ធ្នូ របស់ គ.ជ.ប.ជ
-ជារៀងរាល់ចុងសប្តាហ៍ (ថ្ងៃសុក្រ) ថ្នាក់ដឹកនាំទទួលបន្ទុក តាមក្រុមនីមួយៗ ត្រូវរាយការណ៍ពីសកម្មភាព ការងារប្រចាំសប្តាហ៍ ជូនថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ៕