ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពិនិត្យ និងសម្រេចលើបណ្ដឹងគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ក្រោយ គ.ជ.ប មិនចុះបញ្ជីឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅនៅថ្ងៃទី២៥ ឧសភា
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងសម្រេចលើបណ្ដឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ពាក់ព័ន្ធការបដិសេធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្តីពីការចុះឈ្មោះគណបក្សទាំងពីរ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។
ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ
១៖ បណ្ដឹងរបស់គណបក្សភ្លើងទៀនប្តឹងតវ៉ា នឹងសេចក្តីសម្រេចលេខ ២៣៣ គ.ជ.ប ស.ស.រ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទាមទារឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន២៥ មណ្ឌលរាជធានី ខេត្ត។
២៖ បណ្ដឹងរបស់គណបក្សមហាសាមគ្គីជាតិខ្មែរ ប្ដឹងសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យសម្រេចពីលទ្ធភាពស្តីពីការចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ។
សូមជម្រាបថា ថ្មីៗនេះ គ.ជ.ប បានចេញសេចក្តីសម្រេច បដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សភ្លើងទៀន ក្រោមហេតុផលគណបក្សទាំងពីរនេះ មិនបានបំពេញឱ្យគ្រប់លក្ខខណ្ឌតម្រូវ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
ដោយឡែកគណបក្សនយោបាយចំនួន ១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយ សម្រាប់ការជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ បន្ទាប់ពីគណបក្សទាំងនោះបំពេញគ្រប់លក្ខខណ្ឌ នៃច្បាប់បោះឆ្នោត៕