កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបមុខសញ្ញាឆក់ទ្រព្យសម្បត្តិ ចំនួន២នាក់ ក្រោយធ្វើសកម្មភាពតាមដងផ្លូវ
ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមផ្លូវ លេខ២៨៨ កែងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យជិះម៉ូតូចំនួន២គ្រឿង មានគ្នាចំនួន២នាក់ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសរងគ្រោះចំនួន៤នាក់ (ជាជនជាតិថៃ) ដែលកំពុងដេីរ បានសម្រេច។
ភ្លាមនោះកម្លាំងជំនាញការិយាល័យ ធ្វេីការប្រដេញ និងបានសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់ នៅចំណុចផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង២នាក់រួមមាន៖
ទី១៖ ឈ្មោះ ប្រុស ឧត្តម អាយុ២៩ឆ្នាំ មុខរបរបេីកឡាន ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវមិនចាំលេខ ក្នុងសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (អ្នកបិទគូទ)
ទី២៖ ឈ្មោះ ឡេង ដារ័ត្ន អាយុ២៩ឆ្នាំ មុខរបរធ្វេីការរោងចក្រ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលំ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ដៃដល់)។
ក្នុងនោះដកហូតបាន៖ ម៉ូតូហុងដាស្តុបពី ពណ៌ស (របស់ជនសង្ស័យ), ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស (របស់ជនសង្ស័យ) និងទូរស័ព្ទដៃម៉ាក សាំស៊ុង Note20 ultra ពណ៌មាស (ជារបស់ជនរងគ្រោះ) ទូរស័ព្ទខាងលេីកម្លាំងជំនាញការិយាល័យបានប្រគល់អោយទៅបុរសរងគ្រោះជាជនជាតិថៃវិញ។
ក្រោយឃាត់ខ្លួនកម្លាំងជំនាញបាននាំជនសង្ស័យខាងលេី មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕