ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញបើកការដ្ឋានសាងសង់សាលាប្រជុំរដ្ឋបាលស្រុកលើកដែក ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សាលាប្រជុំរដ្ឋបាលស្រុកលើកដែក ទំហំ១៧ម៉ែត្រ គុណ៣០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។
ពិធីបើកការរដ្ឋានសាងសង់សាលាប្រជុំរដ្ឋបាលស្រុក នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ស្រុកលើកដែក ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមហារដ្ឋបុរស បានដាក់ចេញនូវគោល នយោបាយយុទ្ធសាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភាជាតិ នៅតែចាត់ទុកវិស័យទាំង បួន “ មនុស្ស ផ្លូវ ទឹក ភ្លើង ” ជាអាទិភាព ៕