គោព្រៃជាសត្វចតុប្បាទនិមិត្តរូប នៃកម្ពុជា ជាសត្វមានកម្លាំងខ្លាំង ពូកែធន់នឹងកម្តៅថ្ងៃ អត់ធន់នឹងចំណីអាហារ និងជំងឺ
ភ្នំពេញ៖ គោព្រៃកម្ពុជា! គោព្រៃជាសត្វចតុប្បាទនិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា ជាសត្វមានកម្លាំងខ្លាំង ពូកែធន់នឹងកម្តៅថ្ងៃ អត់ធន់នឹងចំណីអាហារ និងជំងឺ។ ដោយសារតែរាងសង្ហា និងពូកែធន់នឹងកម្តៅថ្ងៃនេះហើយបានជាគោព្រៃត្រូវបានប្រសិទ្ធនាមឱ្យក្រុមបាលទាត់កម្ពុជា។
ពិភពលោកបានចាត់ប្រភេទគោព្រៃជាសត្វជិតផុតពូជបំផុតនៅលើពិភពលោក។ នៅក្នុងតំបន់មហាទន្លេមេគង្គ ជាពិសេសប្រទេសកម្ពុជា ត្រូវគេជឿថា សត្វគោព្រៃដែលជាប្រភេទសត្វក្រចកជើងចម្ពាមបានផុតពូជនៅប្រទេសកម្ពុជាទៅហើយ។
កាលពីសម័យអាណានិគមបារាំង មានការថតខ្សែភាពយន្តឯកសារបង្ហាញពីគោព្រៃក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ដែលគេឃើញសម្បូណ៌នៅតំបន់ទេសភាពខ្ពង់រាបខាងកើតដូចជាខេត្តមណ្ឌលគិរីជាដើម និងនៅតាមតំបន់ព្រៃល្បោះផ្សេងទៀតដូចជានៅដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារ។ សត្វគោព្រៃជាសត្វស្លូតដែលរស់នៅជាហ្វូង លាយជាមួយហ្វូងសត្វទន្សោង ខ្ទីង និងប្រើស។
នៅទសវត្សរ៍ឆ្នាំ ១៩៦០ ព្រះមហាក្សត្រខ្មែរបានកំណត់ និងប្រកាសចាត់ទុក គោព្រៃជា«និមិត្តរូបនៃមរតកធម្មជាតិកម្ពុជា»។ តាមរយៈព្រះរាជក្រឹត្យលេខ នស/រតក/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកំណត់ប្រភេទសត្វ និងរុក្ខជាតិសម្រាប់និមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា គោព្រៃគឺជាសត្វចតុប្បាទនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា៕