តំណាង ប.ស.ស កម្ពុជា ចូលរួមវគ្គបណ្តុះបណ្តាល នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអន្តរជាតិ នៃអង្គការអន្តរជាតិខាងការងារ នៅអ៊ីតាលី
ភ្នំពេញ៖ ដោយទទួលបានការចាត់តាំងពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បុគ្គលិកជំនាញ ៦រូប តំណាង ប.ស.ស. កម្ពុជា បានបង្ហាញវត្តមានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការប្រមូលភាគទាន និងអនុលោមភាព និងវគ្គបណ្ដុះបណ្ដាលស្តីពី ការវិនិយោគមូលនិធិសន្តិសុខសង្គមដោយផ្ទាល់ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអន្តរជាតិនៃអង្គការអន្តរជាតិខាងការងារ (ILO-ITC) រយៈពេល ៥ថ្ងៃ នៅទីក្រុងទូរីន ប្រទេសអ៊ីតាលី។
ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ បង្កើតឡើងដោយ សមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) ដែលរាល់ការបណ្តុះបណ្តាល សិក្ខាសាលា និងសកម្មភាពផ្សេងៗរបស់សមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) ត្រូវបានអនុញ្ញាតឱ្យចូលរួមសម្រាប់តែសមាជិករបស់ខ្លួនប៉ុណ្ណោះ។ សម្រាប់ ប.ស.ស. កម្ពុជា បានចូលជាសមាជិក (Affiliate Member) នៃសមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ កន្លងមកនេះ។
សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ដោយមានសមាសភាពចូលរួមពីសមាជិកសមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) សរុបប្រមាណ ៣២០សា្ថប័ន ដែលមកពីចំនួន ១៦០ប្រទេសផ្សេងៗគ្នា៕