បុរសម្នាក់រអិលជើង ធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើត្រូវក្រពើខាំសុះសាច់បណ្តាលឱ្យស្លាប់យ៉ាងរន្ធត់ នៅក្រុងសៀមរាប
ភ្នំពេញ៖ បុរសម្នាក់ជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែងនៅក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប បានរអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើត្រូវក្រពើខាំសុះសាច់បណ្តាលឱ្យស្លាប់យ៉ាងរន្ធត់នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនដំបូង ជនរងគ្រោះបានដើរទៅហាត់ប្រាណ និងបានដើរទៅមើលក្រពើ ស្រាប់តែរអិលធ្លាក់ចូលក្នុងអាងចិញឹមក្រពើចំនួន៣០ ទៅ៤០ក្បាល ត្រូវក្រពើខាំយ៉ាងសុះសាច់ ខណៈភរិយាជនរងគ្រោះកំពុងដាក់បាតលោក។
ព្រះសង្ឃក៏បានមកជួយទាញជនរងគ្រោះ ខណៈក្រពើកំពុងតែទាញទម្លាក់ចូលក្នុងអាង តែមិនអាចជួយទាន់ពេលវេលា ជនរងគ្រោះត្រូវក្រពើខាំដាច់ដៃឆ្វេង និងសុះសាច់ពេញខ្លួនស្លាប់ភ្លាមៗតែម្តង។
សូមរំលឹក កាលពីឆ្នាំ២០២២ ក៏មានករណីបុរសម្នាក់ធ្លាក់ចូលអាងចិញ្ចឹមក្រពើ ត្រូវក្រពើខាំបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ក្រោយមកក៏បានស្លាប់ ហើយនៅឆ្នាំ២០១៩ ក៏មានករណីក្រពើខាំកុមារីម្នាក់អាយុ២ឆ្នាំ សល់តែលលាដ៏ក្បាលតែប៉ុណ្ណោះ ករណីទាំងនេះគឺសុទ្ធតែកើតឡើងនៅក្នុងខេត្តសៀមរាប៕