មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុង “ពិធីអបអរសាទរសមិទ្ធផលសរុបគម្រោងព្រៃឡង់បៃតង”
ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុង “ពិធីអបអរសាទរសមិទ្ធផលសរុបគម្រោងព្រៃឡង់បៃតង” មានការអញ្ជើញចូលរួមពីឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថាន ព្រមទាំង លោក លោកស្រី និងប្រធានមន្ទីរបរិស្ថានទាំង៤ខេត្ត គឺខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងក្រចេះ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសមាជិកសហគមន៍មូលដ្ឋានសរុបប្រមាណ ២០០នាក់។
ពិធីនេះមានគោលបំណង លើកទឹកចិត្តអ្នកចូលរួមឱ្យយល់ដឹងបន្ថែមពីសមិទ្ធផលរបស់គម្រោងព្រៃឡង់បៃតង ទាក់ទងនឹងសកម្មភាពរេដបូក ការការពារធនធានធម្មជាតិនិងអភិរក្សជីវចម្រុះ អេកូទេសចរណ៍ និងការគាំទ្រសហគមន៍មូលដ្ឋាន ព្រមទាំងឆ្លុះបញ្ចាំងពីការសម្របសម្រួល និងកិច្ចសហការរវាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន ក្នុងការអភិរក្សព្រៃឈើ និងជីវចម្រុះនៅប្រទេសកម្ពុជា ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន៕