ក្រសួងបរិស្ថាន កិច្ចសហការជាមួយ GIZ រៀបចំកិច្ចប្រជុំលើកទី៣ ស្តីពី ភាពជាដៃគូរបស់អាស៊ានសម្រាប់ដំណើរឆ្ពោះទៅកាន់កិច្ចសន្និសីទទី២៨ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ
ភ្នំពេញ៖ ក្រសួងបរិស្ថានក្រោមកិច្ចសហការជាមួយលេខាធិការអាស៊ាននិង អង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) បាន រៀបចំកិច្ចប្រជុំលើកទី៣ ស្តីពី ភាពជាដៃគូរបស់អាស៊ានសម្រាប់ដំណើរឆ្ពោះទៅកាន់កិច្ចសន្និសីទទី២៨ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP28)។
កិច្ចប្រជុំនេះ ដឹកនាំនិងសម្របសម្រួល ដោយលោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងជាជនបង្គោលក្រុមការងារអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ (AWGCC) ក្នុងនាមជាម្ចាស់ផ្ទះ លោក Ahmad Farid Mohammed ប្រធានប្តូរវេន AWGCC និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ-មន្រ្តីក្រសួងបរិស្ថាន លេខាធិការដ្ឋានអាស៊ាន តំណាងរដ្ឋសមាជិកអាស៊ាន សមាជិក សមាជិកា AWGCC មន្រ្តីអង្គការ GIZ និងដៃគូអភិវឌ្ឍន៍ សរុបចំនួន ៦០រូប នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ។
ក្នុងឱកាសបើកកិច្ចប្រជុំលោកបណ្ឌិត ហាក់ ម៉ៅ បានសង្កត់ធ្ងន់ថា សុខសន្តិភាព បានផ្តល់កាលានុវត្តភាពដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបរិស្ថាន ជាពិសេសការគិតគូរលើការងារប្រែប្រួលអាកាសធាតុ។ ជាងនេះទៅទៀត សុខ សន្តិភាពធ្វើឱ្យកម្ពុជាអាចរៀបចំ SEA Game លើកទី៣២ប្រកបដោយរលូននិងជោគជ័យដែលប្រជាជនកម្ពុជាបានរងចាំអស់រយៈពេល៦៤ឆ្នាំ។
ក្រសួងបរិស្ថានក្នុងនាមជាម្ចាស់ផ្ទះ មានមោទនភាពក្នុងកិច្ចសហការរៀបចំកិច្ចប្រជុំថ្នាក់តំបន់នេះឡើង ដើម្បីបង្ហាញពីជំហររបស់កម្ពុជានិងប្រទេសសមាជិកអាស៊ានក្នុងការចែករំលែកគោលនយោបាយ និងផែនការសកម្មភាពអាទិភាព ជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ សំដៅដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល ពិសេសសម្រាប់កិច្ចប្រជុំ COP28 នាពេលខាងមុខ។
កម្ពុជាក្នុងនាមជាប្រទេសដែលងាយរងគ្រោះខ្លាំងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុបានត្រៀមខ្លួនរួចរាល់ សម្រាប់ចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីដោះស្រាយបញ្ហាសកលនេះ តាមរយៈរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងយុទ្ធសាស្រ្តពាក់ព័ន្ធផ្សេងទៀត។
កិច្ចប្រជុំបានពិភាក្សានិងផ្តល់ធាតុចូលទៅលើ (១) របៀបវារៈសំខាន់ៗសម្រាប់កិច្ចប្រជុំ COP27 (ហិរញ្ញប្បទានអាកាសធាតុ គោលដៅសកលសម្រាប់ការបន្ស៊ាំ កិច្ចបាត់បង់និងខូចខាត ថាមពល-ល-) (២) ការកំណត់ផែនការសកម្មភាពអាទិភាពរបស់បណ្តាប្រទេសអាស៊ានក្នុងការរៀបចំជំហររួមសម្រាប់ COP28 (៣) ទស្សនវិស័យអាស៊ានសម្រាប់ COP28 (៤) អន្តរវិស័យអាទិភាពរបស់អាស៊ានសម្រាប់ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងយន្តការអនុវត្តន៍កិច្ចបាត់បង់និងខូចខាត (៥) ការប្តេជ្ញាចិត្តក្នុងភាពជាដៃគូរបស់អាស៊ានសម្រាប់ COP28។ ជំហានបន្ទាប់ សេចក្តីព្រាងជំហររបស់អាស៊ានសម្រាប់ COP28 នឹងត្រូវពិនិត្យបន្ថែមដោយក្រុមការងារ AWGCC មុននឹងដាក់អនុម័តនាកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសឥណ្ឌូនេស៊ី នាពេលខាងមុខ៕