សម្តេចតេជោ ណែនាំឲ្យថៅកែរោងចក្រសហគ្រាស និងកម្មកររួមសហការគ្នាដើម្បីធ្វើឱ្យរោងចក្រ មានសុខដុមរមនីយ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យថៅកែរោងចក្រសហគ្រាស និងកម្មករ រួបរួមសហការគ្នាដើម្បីធ្វើឱ្យរោងចក្រ មានសុខដុមរមនីយ បង្កើតផលិតភាព បង្កើនប្រាក់ចំណូល និងស្ថិរភាពនៃការវិនិយោគ ។
ក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករនិយោជិតសរុប នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ បានឱ្យដឹងថា ប្រសិនបើគ្មានការវិនិយោគទេ កម្មករ/កម្មការិនីប្រហែលនៅធ្វើស្រែចម្ការ ឬលក់ដូរតូចតាចប៉ុណ្ណោះ មិនមែនជាកម្មករដែលទទួលបានប្រាក់បៀវត្សតិចបំផុត២០០ដុល្លារនេះឡើយ។ ប្រសិនបើគ្មានសន្តិភាពនៅពេលបច្ចុប្បន្ននេះទេ ក៏គ្មានឱកាសសម្រាប់ទាក់ទាញវិនិយោគមកក្នុងប្រទេសកម្ពុជានោះឡើយ ៕