សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញទស្សនៈកិច្ចនៅធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគនិងអភិវឌ្ឍវៀតណាម (BIDV)
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនៈកិច្ចនៅធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគនិងអភិវឌ្ឍវៀតណាម (BIDV)។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឡេ ង៉ុកឡឹម (Le Ngoc Lam) បានរាយការណ៍អំពីវឌ្ឍនៈភាពរបស់ (BIDC) និង (BIDV) ក៏ដូចជា សកម្មភាពជួយដល់ការងារសង្គម និងការងារមនុស្សធម៌ ជនក្រីក្រ គ្រោះមហន្តរាយ ជាដើម ដែលជាផ្នែកមួយជួយដល់ការសម្រាលបន្ទុករបស់រដ្ឋាភិបាល។
ថ្លែងនៅជំនួបនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានអបអរសាទរចំពោះរាល់សមិទ្ធិនិងការរួមវិភាគទាននានារបស់ (BIDV) ធនាគារវិនិយោគនិងអភិវឌ្ឍកម្ពុជា (BIDC) និងតំណាងពាណិជ្ជកម្មផ្សេងៗទៀត ចំពោះសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេល ១៤ឆ្នាំកន្លងមក។
សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា ចាប់តាំងពី (BIDC) និងភ្នាក់ងារផ្សេងៗរបស់ (BIDV) ត្រូវបានបង្កើតនៅកម្ពុជាមក សកម្មភាពវិនិយោគរបស់សហគ្រាស ចូលមកកម្ពុជាមានការរីកចម្រើនជាច្រើន និងបានស្នើឲ្យ (BIDV) និង (BIDC) បន្តខិតខំប្រឹងប្រែងរក្សារឹងមាំនូវតួនាទីឈានមុខគេក្នុងចំណោមសហគ្រាសវៀតណាមវៀតណាមនៅកម្ពុជា ព្រមទាំង តភ្ជាប់សកម្ម ភាពសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរផងដែរ ៕