រដ្ឋមន្ត្រីការបរទេសរុស្ស៊ីប្រាប់បេសកជនចិនថា ឧបសគ្គធ្ងន់ធ្ងរក្នុងការបន្តកិច្ចចរចាសន្តិភាព ដោយបានបន្ទោសអ៊ុយក្រែន និងលោកខាងលិច
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រាប់បេសកជនពិសេសរបស់ចិន លោក Li Hui កាលពីថ្ងៃសុក្រថា មាន ឧបសគ្គយ៉ាងធ្ងន់ធ្ងរ ក្នុងការបន្តកិច្ចចរចាសន្តិភាព ដោយបានបន្ទោសអ៊ុយក្រែន និងបណ្តាប្រទេសលោកខាងលិច។
ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ទីក្រុងម៉ូស្គូចំពោះដំណោះស្រាយនយោបាយ-ការទូតនៃជម្លោះ ដោយកត់សម្គាល់ពីឧបសគ្គធ្ងន់ធ្ងរចំពោះការបន្តការចរចាសន្តិភាពដែលបង្កើតឡើងដោយភាគីអ៊ុយក្រែននិងអ្នកណែនាំលោកខាងលិច។
ក្នុងអំឡុងជំនួបជាមួយលោក Li Hui ដែលជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅរុស្ស៊ីចន្លោះឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៩ លោក Sergei Lavrov ក៏បានសរសើរជំហរ មានតុល្យភាព របស់ទីក្រុងប៉េកាំងចំពោះអ៊ុយក្រែនផងដែរ។
ខណៈពេលដែលចិន ថាខ្លួនជាភាគីអព្យាក្រឹតក្នុងជម្លោះអ៊ុយក្រែន វាត្រូវបានគេរិះគន់ចំពោះការបដិសេធមិនថ្កោលទោសទីក្រុងម៉ូស្គូចំពោះការវាយលុករបស់ខ្លួន។
ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ភាគីទាំងពីរបានសម្តែងការត្រៀមខ្លួនដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការគោលនយោបាយការបរទេសរុស្ស៊ី-ចិន សំដៅរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងនៅលើភពផែនដីទាំងមូល។
ដំណើរទស្សនកិច្ចរបស់បេសកជនចិនទៅកាន់រដ្ឋធានីរុស្ស៊ីបានធ្វើឡើងបន្ទាប់ពីលោក Li Hui បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក្នុងទីក្រុង Kyiv កាលពីដើមខែនេះ។
ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន ទីក្រុងប៉េកាំង និងទីក្រុងមូស្គូបានខិតកាន់តែជិតគ្នាក្រោមភាពជាដៃគូដែលបានបម្រើការជាទូតប្រឆាំងនឹងលោកខាងលិច។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូក្នុងខែមីនា ដោយបញ្ជាក់ថា ទំនាក់ទំនងកំពុងឈានចូលដល់សករាជថ្មី។
ប្រភព៖ Korea Times
ប្រែសម្រួលដោយ៖ [ឡាយ លីហួ]